កំពត៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានចុះអប់រំ និងផ្សព្វផ្សាយដល់ពលរដ្ឋ ១៨៦នាក់ ក្នុងនោះមានស្រី ១០៦នាក់ មកពីភូមិចំនួន៥ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត អំពីសារៈសំខាន់ និងដំណើរការអភិរក្សតំបន់ដីសើម និងសត្វក្រៀល ការទប់ស្កាត់ការបរបាញ់ និងជួញដូរសត្វព្រៃ និង ការទុកដាក់សំបកថ្នាំពុលគីមីកសិកម្មបន្ទាប់ពីប្រើប្រាស់រួចឱ្យបានត្រឹមត្រូវ។
ផលប៉ះពាល់ពីការទុកដាក់សំបកថ្នាំពុលគីមីកសិកម្មមិនត្រូវបន្ទាប់ពីប្រើប្រាស់រួច អាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការបំពុលបរិស្ថាន ជាពិសេសតំបន់ដីសើម ដែលជាទីជម្រករកចំណីដ៏សំខាន់សម្រាប់សត្វក្រៀល និងសត្វស្លាបទឹកផ្សេងៗទៀត។ ដូច្នេះហើយទើបអង្គការជីវិតធម្មជាតិនៅកម្ពុជា ចុះអប់រំ និងផ្សព្វផ្សាយដល់ពលរដ្ឋ ១៨៦នាក់ ក្នុងនោះមានស្រី ១០៦នាក់ មកពីភូមិកោះចំការ ភូមិជ្រេស ភូមិអន្លង់ព្រីង ស្ថិតក្នុងឃុំបឹងសាលាខាងត្បូង និងភូមិកោះត្នោត ភូមិព្រះទ្រហឹង ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
ការអប់រំផ្សព្វផ្សាយនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់និងដំណើរការអភិរក្សតំបន់ដីសើមនិងសត្វក្រៀល ការទប់ស្កាត់ការបរបាញ់និងជួញដូរសត្វព្រៃ និងការទុកដាក់សំបកថ្នាំពុលគីមីកសិកម្មបន្ទាប់ពីប្រើប្រាស់រួចឱ្យបានត្រឹមត្រូវ។ ការអប់រំផ្សព្វផ្សាយនេះត្រូវបានសម្របសម្រួលដោយលោកមេភូមិពាក់ព័ន្ធទាំងអស់ ក្រុមការងារ និងមានការចូលរួមពីប្រជាពលរដ្ឋសរុប ១៨៦នាក់ ក្នុងនោះមានស្រី ១០៦នាក់។
សូមជម្រាបថា កាលពីចុងឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានតំឡើងលូដាក់សំបកថ្នាំពុលគីមីកសិកម្មចំនួន ២៩ទីតាំង នៅតាមវាលស្រែមិត្តក្រៀល ជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងនៅភូមិកោះចំការ កោះត្នោត ព្រះទ្រហឹង និងជ្រេស ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីឱ្យប្រជាជនពលរដ្ឋ ចូលរួមគ្រប់គ្រងសំបកថ្នាំពុលគីមីកសិកម្មអោយបានត្រឹមត្រូវ និងកាត់បន្ថយសារធាតុពុលដែលសាយភាយចេញពីការប្រើប្រាស់ថ្នាំពុលគីមី ដល់ជីវៈចម្រុះ តំបន់ដីសើម និងសុខភាពប្រជាជន៕