អាម៉េរិក៖ ព្យុះសង្ឃរា Beryl បានបោកបក់និងវាយប្រហារនៅរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាម៉េរិកកាលពីល្ងាចថ្ងៃច័ន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ថាមពលប្រើប្រាស់ ទឹកជំនន់មានការកើនឡើងខ្លាំងដោយអាជ្ញាធរក្នុងតំបន់បានចាប់ផ្តើមជម្លៀសពលរដ្ឋទៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្ន។
បើតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាម៉េរិក (NHC) បានអះអាងថាព្យុះសង្ឃា Beryl បានវាយប្រហារទីក្រុង Matagorda ជាព្យុះសង្ឃរាប្រភេទទី ១ ហើយបានបន្តវាយប្រហារដល់រដ្ឋតិចសាស់ដែលបានបង្កទៅជាទឹកជំនន់នឹងជន់លិចផ្ទះសម្បែង និងទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជន។ព្យុះនេះបានប៉ះពាល់ដល់ផ្ទះរបស់ពលរដ្ឋ ២.៣ លាននាក់ អាជ្ញាធរអាម៉េរិកបានព្រមានថាព្យុះនេះនឹងបន្តវាយប្រហារតំបន់ជាច្រើនទៀត ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន។
យោងតាមសេវាកម្មតាមដាន FlightAware បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរទ្វីប George Bush កំពុងប្រឈមនឹងការលុបចោលជើងហោះហើរជាង ៥០០ ដង បន្ទាប់ពីសេវាអាកាសធាតុជាតិបានព្រមានពីកម្លាំងដ៏ខ្លាំងខ្លានៃព្យុះមួយនេះ។ តំបន់ជាច្រើននៃឆ្នេរ Texas ត្រូវបានដាក់នៅក្រោមការព្រមានអំពីខ្យល់ព្យុះ ពីចុងសប្តាហ៍៕