ភ្នំពេញ៖ សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា ចុះMOU ជាមួយនិយ័តករមូលបត្រកម្ពុជា ស្តីពី “កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា”។ ពិធីចុះMOUនេះ ត្រូវបានធ្វើឡើងរវាង លោកបណ្ឌិតផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា (ស.ព.អ) ជាមួយ លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
លោក ស៊ូ សុជាតិ បានថ្លែងចាត់ទុកMOUនេះជាសក្ខីភាពមួយ ក្នុងការបង្កើនការយល់ដឹង និង ការអភិវឌ្ឍធនធានមនុស្សនៅក្នុង វិស័យមូលបត្រនៅកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជាឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព ចីរភាព ។
បើតាម លោក ស៊ូ សុជាតិ វិស័យមូលបត្រ ជាជំនាញមួយដ៏សំខាន់សម្រាប់និស្សិតគួរតែសិក្សារៀនសូត្រ ដើម្បីទាញប្រយោជន៍ពីជំនាញនេះក្នុងការកសាងសុខុមាលភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែប្រសើរ និង សម្រេចជោគជ័យនូវគោលដៅហិរញ្ញវត្ថុនាពេលអនាគត។មុននឹងគិតគូរដល់ការវិនិយោគ ប្អូនៗនិស្សិតត្រូវរៀនសន្សំជាមុនសិន ដោយកាត់បន្ថយចំណាយមិនចាំបាច់ គឺជាយន្តការសន្សំដ៏មានប្រសិទ្ធភាព។
លោក ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា (ស.ព.អ) បានថ្លែងថាតាមរយៈការចុះ MOU នេះ នឹងរៀបចំកម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្ដាលអភិបាលនៅក្នុងវិស័យមូលបត្រ ឱ្យស្របតាមស្ដង់ដារ និង អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដោយមានការទទួលស្គាល់ពី ន.ម.ក. ដែលជាអាជ្ញាធរ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគហ៊ុនិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាន៍ថា កិច្ចសហប្រតិបត្តិការរវាងស.ព.អ ជាមួយនឹង ន.ម.ក. គឺជាមាគ៌ាថ្មីមួយដែលនឹងបណ្តល់ជូនវគ្គបណ្តុះបណ្តាលដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ ជូនដល់និស្សិត សាធារណៈជន សមាជិកក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និង/ឬក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. ដែលមានតម្រូវការស្វែងយល់ឱ្យកាន់តែច្បាស់ អំពីការរៀបចំគោលនយោបាយនៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម។ អភិបាលកិច្ចល្អ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដល់ដំណើរការនៃការគ្រប់គ្រងអាជីវកម្មរបស់ស្ថាប័ន និងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព។ អភិបាលកិច្ច ដែលប្រកបដោយសុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អ ដោយចាត់ចែង និងការគ្រប់គ្រងបញ្ហារបស់ស្ថាប័នប្រកបដោយប្រសិទ្ធភាព ហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នទាំងមូល។
សូមបញ្ជាក់ថា កម្មវិធីខាងលើនេះ មានសមាសភាពចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីនៃ ន.ម.ក., តំណាងអង្គភាព និងនិយ័តករក្រោមឱវាទនៃ អ.ស.ហ., សមាគមក្រុមហ៊ុនមូលបត្រកម្ពុជា, សមាគមអ្នកវិនិយោគមូលបត្រកម្ពុជា, Influencer ក្នុងវិស័យមូលបត្រ, ផមក, និងនិស្សិត នៃ ស.ព.អ. សរុបចំនួន ៣០០ រូប ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស នៃ ន.ម.ក., ស.ព.អ., ផមក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក ផងដែរ៕