Cctime 6monthsfree desktop
Cc times  web banner kh (2)

លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីកម្ពុជាចរចា«ពាណិជ្ជកម្ម»ជាមួយអាម៉េរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក នៅថ្ងៃទី ១០ ឧសភានេះធ្វើដំណើរចាកចេញពីមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ទឹកដីនៃសហរដ្ឋអាម៉េរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាម៉េរិក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

បេសកម្មនេះ ត្រូវបានធ្វើឡើងក្រោយពីកម្ពុជា និងអាម៉េរិក បានប្រជុំតាម (Zoom) ពីរលើក ដោយជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ និង ទី២ត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ប្រជុំតាម (Zoom)ជាមួយលោក Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បច្ចុប្បន្នភាគីកម្ពុជា តាមរយៈក្រុមការងារចំពោះកិច្ច បានត្រៀមលក្ខណៈរួចរាល់គ្រប់ជ្រុងជ្រោយ ក្នុងការចូលរួមក្នុងកិច្ចចរចាទ្វេភាគីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយបើកទូលាយ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក ដើម្បីឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីដែលមានភាពស៊ីជម្រៅ ប្រកបដោយសមធម៌ និងតុល្យភាព សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក តាមរយៈទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់មួយនេះ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក តាមរយៈការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

គួររម្លឹកដែរថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក បានប្រកាសចេញនូវការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេស នៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ក្រោយការប្រកាស២ថ្ងៃ សម្តេច ហ៊ុន ម៉ាណែត បានផ្ញើលិខិតផ្លូវការទៅកាន់ ប្រធានាធិបតីអាម៉េរិក បង្ហាញអំពីការប្តេជ្ញាចិត្តលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate) និង ការប្តេជ្ញាចិត្តយ៉ាងពេញលេញរបស់កម្ពុជា ក្នុងការចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាម៉េរិក។ 

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ៥២ សសរ ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលត្រូវបានរៀបចំឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយការគិតគូរវែងឆ្ងាយច្បាស់លាស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី សំដៅរៀបចំ និងជំរុញការបើកការចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) រវាងប្រទេសទាំងពីរ ពិសេសគឺពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែមានភាពប្រសើរឡើង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង