ឥណ្ឌា៖ មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីការរត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌាដែលបានសម្លាប់មនុស្សជាង ១២០ នាក់។ ប៉ូលិសនិយាយថា អ្នកដែលត្រូវបានចាប់ខ្លួនគឺជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃពិធីបុណ្យសាសនាហិណ្ឌូ។ ការចោទប្រកាន់របស់ប៉ូលីសធ្វើឡើងបន្ទាប់ពីមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ដោយសារតែការរត់ជាគ្នា ប៉ុន្តែគ្រូគង្វាលហិណ្ឌូ Bhole Baba ដែលស្ថិតនៅចំកណ្តាលនៃសោកនាដកម្មនេះ មិនស្ថិតក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួនឡើយ។
គួរបញ្ជាក់ថាការរត់ជាន់គ្នានៅក្នុងប្រទេសឥណ្ឌាក្នុងពិធីសាសនាដ៏ធំមួយមួយបានកើនដល់ ១២១នាក់ និងមានអ្នករបួសធ្ងន់ប្រមាណជាង ៣០នាក់។ ស្ត្រី និងកុមារ ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅភាគខាងជើងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃទី២ ខែកក្កដា។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងតំបន់ Hathras ក្នុងរដ្ឋ Utter Pradesh ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីញូវដែលី ជាកន្លែងដែលមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាដើម្បីធ្វើពិធីសាសនាមួយ៕