681 ezgif.com resize
Swift cc time

ក្រសួងការពារជាតិ ច្រានចោលការចុះផ្សាយអំពីនាវាយោធាចិន២គ្រឿង នៅមូលដ្ឋានសមុទ្ររាម

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ បានច្រានចោលទាំងស្រុង ចំពោះការផ្សាយចោទប្រកាន់របស់សារព័ត៌មាន The Wall Street Journal អំពីនាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា។ លោកបញ្ជាក់ថា សារព័ត៌មាននេះ ក៏បានចោទប្រកាន់ផងដែរ ចំពោះការរៀបចំនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយថា មានការបែងចែកដាច់ពីគ្នារវាងតំបន់សម្រាប់មូលដ្ឋាននាវាចិនផ្សេង និងនាវាកម្ពុជាផ្សេងពីគ្នា ដោយមានការរឹតត្បិតជាដើម។

ជុំវិញការចោទប្រកាន់នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា៖ «នាវាយោធាចិន២គ្រឿងដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានោះ គឺទើបតែមកដល់នាថ្មីៗនេះប៉ុណ្ណោះ ដែលជានាវាផ្លាស់ប្តូរវេនជាមួយនឹងនាវាយោធាចិនកន្លងទៅ តាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិប្រទេសទាំងពីរ ដើម្បីមកបណ្តុះបណ្តាលជំនាញបច្ចេកទេស អំពីការប្រើប្រាស់នាវាដល់កងទ័ពជើងទឹកកម្ពុជា មិនមែនជានាវាកន្លងទៅ ដែលមកចូលរួមសមយុទ្ធនាគមាសនោះទេ»។

អ្នកនាំពាក្យរូបនេះ បានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា មានការបែងចែកតំបន់មូលដ្ឋានសម្រាប់នាវាយោធាចិនផ្សេង និងតំបន់មូលដ្ឋាននាវាយោធាកម្ពុជា។ ជាពិសេសនោះ ការផ្សព្វផ្សាយបែបនេះ ជាចេតនាបង្កឱ្យមានកាន់ច្រឡំ ហើយមិនមែនជាការពិតឡើយ។ លោកបានបន្តថា នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា កំពុងធ្វើការ អភិវឌ្ឍជាបន្តបន្ទាប់ដោយមានតំបន់ខ្លះកំពុងសាងសង់ តម្រូវឱ្យមានការហាមឃាត់មិនឱ្យមានចេញចូលនោះឡើយ ដែលនេះជាកិច្ចការសម្ងាត់របស់កងទ័ព ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង