ភ្នំពេញ៖អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន គឺលោក Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា ហើយបើតាមគម្រោងលោកនឹងមកដល់ប្រទេសកម្ពុជា នៅម៉ោង១០យប់ថ្ងៃទី ៥ កក្កដា ឆ្នាំ២០២៤នេះ។វត្តមានរបស់អ្នកកាទូតជើងខ្លាំងរបស់ចិនលើទឹកដីកម្ពុជាពេលនេះ ត្រូវបានអ្នកជំនាញចាត់ទុកថាជាសញ្ញាល្អមួយសម្រាប់កម្ពុជា។
បើមិនមានអ្វីប្រែប្រួលនោះទេ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៥ កក្កដាខាងមុខនេះ ដើម្បីកាន់ដំណែងជា ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា។លោកនឹងមកដល់កម្ពុជា នៅវេលាម៉ោង ១០:៣០ ទៅ ១១:០០ នាទី (ពេលយប់) ។
លោក Wang Wenbin មានអាយុ ៥៣ ឆ្នាំ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន និងមានបទពិសោធន៍ផ្នែកការទូតជាង ៣០ ឆ្នាំ។ លោកក៏ត្រូវបានគេស្គាល់ថា ជាអ្នកដែលពូកែវោហាសាស្ត្រក្នុងការឆ្លើយតបជាមួយនឹងបញ្ហាទំនាក់ទំនងការទូតរបស់ចិន ដោយមាន រហ័សនាម «អ្នកចម្បាំងចចក»។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រកាសស្វាគមន៍លោក Wang Wenbin។សម្រាប់លោក ជុំ សុន្ទរី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យឯកអគ្គរដ្ឋទូតថ្មី លោក Wang Wenbin នូវកិច្ចសហប្រតិបត្តិការពេញលេញ និង ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការពេជ្រ រវាងប្រជាជាតិទាំងពីរ។លោកជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតថ្មី ទំនាក់ទំនងរវាងប្រទេសចិន និង កម្ពុជា នឹងឈានដល់កម្រិតខ្ពស់ថ្មី៕