ហ្វីលីពីន៖ មនុស្សប្រមាណចំនួន ៥ នាក់ រួមទាំងកុមារអាយុ៤ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងការផ្ទុះដ៏ធំមួយនៅឯឃ្លាំងផ្ទុកសារធាតុ pyrotechnic (ផលិតកាំជ្រួច) នៅភាគខាងត្បូងប្រទេសហ្វីលីពីន។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅរសៀលថ្ងៃសៅរ៍នៅឯទីតាំងទីក្រុង Zamboanga បានធ្វើឲ្យកំទេចកំទីនៃការផ្ទុះឃ្លាំងកាំជ្រួចចូលទៅក្នុងអគារ និងផ្ទះនៅក្បែរនោះ ហើយបានឆាបឆេះជាអណ្តាតភ្លើងយ៉ាងខ្លាំក្លា។
យោងតាមអ្នកស៊ើបអង្កេតអគ្គិភ័យលោក Luigi Chan បានឲ្យដឹងថា មានកម្មករឃ្លាំងចំនួន ៤ នាក់ និងកូនប្រុសអាយុ ៤ ឆ្នាំរបស់បុគ្គលិកម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីបានផ្ទុះកន្លែងកាំជ្រួចនេះភ្លាមៗក្នុងនោះក៏មាន មនុស្ស ៣៨ នាក់ផ្សេងទៀតបានរងរបួសក្នុងឧបទ្ទវហេតុនេះដោយមាន ៨ នាក់របួសធ្ងន់។
អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃការផ្ទុះដែលបង្កើតជារណ្ដៅដីទំហំ ២០ ម៉ែត្រ ចុះទៅក្រោមដោយកំទេសកំទីទាំងនោះបានចូលទៅក្នុងផ្ទះពលរដ្ឋនៅក្បែរតំបន់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើន៕