សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ឆ្ពោះទៅកាន់សមុទ្រនៃប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះដែលបានបង្កឲ្យភាពតានតឹងនៃឧបទ្វីបកូរ៉េកើនឡើងបន្ថែមួយកម្រិតទៀត។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងត្បូងបានរកឃើញការបាញ់មីស៊ីលនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេដោយបច្ចុប្បន្ននេះអាជ្ញាធរកូរ៉េខាងត្បូងកំពុងតែតាមដានបន្ថែមនៃសកម្មភាពរបស់យោធាកូរ៉េខាងជើង។
បើតាមយោធានៃប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថាមីស៊ីលរបស់កូរ៉េខាងជើងនេះត្រូវបានបាញ់ចេញនៅព្រឹកថ្ងៃពុធនេះចូលទៅសមុទ្រនៃឧបទ្វីបកូរ៉េ ការបាញ់បង្ហោះនេះមិនផ្តល់ការប៉ះពាល់ដល់អាយុជីវិតក៏ដូចជាលំនៅដ្ឋានរបស់ប្រជាជនកូរ៉េខាងត្បូងឡើយ។ យោធានៃប្រទេសប្រទេសកូរ៉េខាងត្បូងកំពុងតែតាមដានបន្ថែមនៃការបាញ់ប្រហាររបស់កូរ៉េខាងជើង នឹងព្រមានឆ្លើយតបភ្លាមៗប្រសិនបើប្រទេសខ្លួនរងការវាយប្រហារណាមួយដែលប៉ះពាល់ដល់ជីវិតមនុស្ស។
ក្រុមអ្នកវិភាគបានលើកឡើងថា កូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែ អាចនឹងធ្វើការសាកល្បង និងបង្កើនការផលិតកាំភ្លើងធំ និងមីស៊ីលល្បឿនលឿនបន្ទាប់ពីប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងដំណើរទស្សនកិច្ចរបស់លោកពូទីនកាលពីសប្តាហ៍មុន៕