វៀតណាម៖ ចោរចិត្តស្មោះដាច់យៃវៀតណាមម្នាក់នៅខេត្ត Lang Son បានលួចចូលព្រះវិហារមួយកន្លែង ហើយបានលួចមាសចំនួន ៥តម្លឹង និងសាច់ប្រាក់ចំនួន ៥ លានដុង (១៩៦,៤០ដុល្លារ) ដើម្បីទិញម៉ូតូជាកាដូខួបកំណើតឱ្យគូស្នេហ៍របស់ខ្លួន។ ចោរចិត្តស្មោះវៀតណាមមានឈ្មោះថា ង្វៀន ដាធួន អាយុ ៣០ ឆ្នាំ ត្រូវបានប៉ូលិស ក្នុងតំបន់ Huu Lung ភាគខាងជើងខេត្តជាប់ព្រំដែនចាប់ខ្លួនក្រោយរត់គេចបានប៉ុន្មានថ្ងៃ។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាមបានឱ្យដឹងថា កាលពីថ្ងៃទី ១៣ ខែមិថុនា លោក ង្វៀន ដាធួន បានចូលទៅក្នុងវិហារ Cong Dong Bac Le ក្នុងឃុំ Tan Thanh ដោយស្លៀកពាក់ជាអ្នកទៅព្រះវិហារ និងបានចូលទៅក្នុងតំបន់នៃទីសក្ការៈបូជាពិសេសហើយបានលួចមាសចំនួន៥តម្លឹងងដែលគេដាក់តម្កល់។
ក្រោយមកលោក ង្វៀន ដាធួន ក៏បានជិះឡានក្រុងទៅកាន់ភាគកណ្តាលប្រទេសវៀតណាម និងទីក្រុងហូជីមិញ ដោយបានព្យាយាមទិញលិខិតឆ្លងដែន ភៀសខ្លួនទៅក្រៅប្រទេស រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមមន្ត្រីប៉ូលីសក៏បានចាប់ឃាត់ខ្លួន។ ក្រោយចាប់ឃាត់ខ្លួន លោក ង្វៀន ដាធួន បានសារភាពថា គេបានលក់មាសទៅហាងចំនួនបីនៅតំបន់ Hai Phong និង Hai Duong ក្នុងតម្លៃសរុប 227 លានដុង (8,915$) និងប្រើប្រាស់លុយមួយចំនួនទិញម៉ូតូឲ្យគូស្នេហ៍ជាកាដូថ្ងៃខួបកំណើតរបស់នាង៕