ព្រះសីហនុ៖ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ មានករណីសាឡង់ដឹកខ្សាច់ ១គ្រឿង លេខ AG-15599 ពណ៌ខៀវ បានលិចនៅចំណុចខាងជើងឈាងខាងកើតកោះក្របី ខេត្តព្រះសីហនុ ដោយសារជួបខ្យល់ខ្លាំង និងរលកធំៗ នៅលើសាឡង់មានមនុស្សចំនួន ៤នាក់ ភេទប្រុស ត្រូវបានជួយសង្គ្រោះដោយទូកនេសាទ នៅជិតកន្លែងកើតហេតុ ដោយសុវត្ថិភាព។ នេះបើយោងតាមការឲ្យដឹងពីមេបញ្ជាការរងទីបញ្ជាការជួបមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
បើតាមអាជ្ញាធរ រយៈពេលពីរ បីថ្ងៃក្នុងសហ្តហ៍ទី៣ ខែមិថុនានេះ នៅខេត្ដព្រះសីហនុ ផ្ទៃមេឃអួរអាប់បង្កឱ្យមានភ្លៀងធ្លាក់រហូតលាយឡំនិងខ្យល់ ទើបនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ ជូនសាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការធ្វើដំណើរតាមជលយានក្នុងលម្ហសមុទ្រ។
យោងសេចក្តីជូនដំណឹងបន្ថែមរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ស្ដីពីស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ បានជូនព័ត៌មានថា ធាតុអាកាសចាប់ពី ថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុទទួលឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា បានកំពុងតែមានឥទ្ធិពល កម្រិតមធ្យម និងធ្វើឱ្យខ្យល់បក់ខ្លាំងពីឈូងសមុទ្រ៕