វៀតណាម៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តាមការអញ្ជើញរបស់លេខាបក្ស Nguyen Phu Trong។ យន្តហោះ II-96-300PU ដឹកលោកពូទីន និងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrova និងឧបនាយករដ្ឋមន្ត្រី Dmitry Nikolayevich Chernyshenko រួមជាមួយនឹងរដ្ឋមន្ត្រី និងមន្ត្រីដទៃទៀត។
ពិធីទទួលបដិសណ្ឋារកិច្ចរបស់ភាគីវៀតណាមរួមមាន ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកទំនាក់ទំនងខាងក្រៅ លោក Le Hoai Trung ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ប្រធានការិយាល័យប្រធានាធិបតី Le Khanh Hai ប្រធានទីក្រុងហាណូយ លោក Tran Sy Thanh និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី Dang Minh Khoi។
លោកពូទីននឹងចូលរួមក្នុងពិធីស្វាគមន៍ជាផ្លូវការនៅឯវិមានប្រធានាធិបតីនៅពេលថ្ងៃត្រង់មុនពេលចូលរួមកិច្ចសន្ទនាជាមួយប្រធានាធិបតីវៀតណាមឯកឧត្តម To Lam ។ បន្ទាប់មក លោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងជួបសន្ទនាជាមួយ Trong។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Bezdetko បានអះអាងថា វៀតណាម និងរុស្ស៊ី នឹងចេញសេចក្តីប្រកាសរួម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអប់រំនៅសាកលវិទ្យាល័យ ឱសថ និងថាមពល។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាង ១០០ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ និងការពារជាតិ។ គិតត្រឹមខែមេសា រុស្ស៊ីបានវិនិយោគ ៩៨៤,៩៨ លានដុល្លារក្នុងគម្រោងចំនួន ១៨៦ នៅវៀតណាម ដែលធ្វើឱ្យរុស្ស៊ីក្លាយជាអ្នកវិនិយោគធំជាងគេទី ២៨។
ប្រទេសវៀតណាមបានវិនិយោគចំនួន ១.៦៣ ពាន់លានដុល្លារនៅក្នុងគម្រោងចំនួន ១៨ នៅក្នុងប្រទេសរុស្ស៊ី ដោយផ្តោតលើវិស័យដូចជាប្រេង និងឧស្ម័ន កសិកម្ម និងផលិតកម្ម។ ពាណិជ្ជកម្មទ្វេភាគីឈានដល់ ៣.៦៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ កើនឡើង ២.៣% ធៀបនឹងឆ្នាំមុន។ ប្រទេសរុស្សីក៏បានផ្តល់អាហារូបករណ៍ចំនួន ១,០០០ ដល់និស្សិតវៀតណាមក្នុងឆ្នាំ ២០២៣ ជាមួយនឹងនិស្សិតវៀតណាមប្រមាណ ៥,០០០ នាក់ដែលកំពុងសិក្សានៅប្រទេសរុស្ស៊ី។ សហគមន៍វៀតណាមក្នុងប្រទេសរុស្ស៊ីមានចំនួនប្រហែល ៦ ម៉ឺននាក់។
គួរបញ្ជាក់ថាលោកពូទីនធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចំនួនបួនដងពីមុនមក សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងឆ្នាំ ២០០១, ២០០៦ និង ២០១៣ និងសម្រាប់ការចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang ក្នុងឆ្នាំ ២០១៧៕