Cctimesw1140xh150cm copy

ថ្ងៃនេះជាខួប៤៧ឆ្នាំសម្តេច ហ៊ុន សែន និង យុទ្ធមិត្តផ្តើម«ដំណើរតស៊ូរំដោះជាតិ»ពីខ្មែរក្រហម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ជា ខួបគម្រប់៤៧ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេច ហ៊ុន សែន និង យុទ្ធមិត្ត ដើម្បីរំដោះជាតិ និង ប្រជាជនកម្ពុជាចេញពីការកាប់ សម្លាប់របស់ខ្មែរក្រហម។នៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំពិធីខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនេះ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16) ក្រោមអធិបតីភាពសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កាលពី៤៧ឆ្នាំមុន គឺថ្ងៃនេះ ម៉ោងប្រហែល ៩ យប់ថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ សម្តេច ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូប សម្រេចចិត្តដ៏លំបាក ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីរំដោះជាតិ និង ប្រជាជនកម្ពុជា ចេញពីការកាប់ សម្លាប់របស់ខ្មែរក្រហម។ ការចាកចេញរបស់សម្តេច ចំពេលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតពពោះសម្តេច ហ៊ុន ម៉ាណែត ចំនួន ៥ខែ។

បើយោងតាមវីដេអូឯកសារប្រវត្តិសាស្ត្រ ការចាកចេញរបស់សម្តេចហ៊ុន សែន ចោលប្រពន្ធកូន គឺជាការសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុត ព្រោះជាការចាកចេញពីទឹកដី ចាកចេញពីឧត្តមភរិយា និង កូនក្នុងផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។

ថ្លែងក្នុងវីដេអូឯកសារ សម្តេច ហ៊ុន សែន បានលើកឡើងថា ការចេញដំណើទៅប្រទេសវៀតណាម គឺជាការប្រថុយជីវិត ហើយប្រសិនបើយកកងទ័ពទៅច្រើនចូលក្នុងទឹកដីវៀតណាម ជាប្រទេសដែលមានអធិបតេយ្យមួយ ការប៉ះទង្គិចគ្នា ច្បាស់ជាកើតមាន។ ការទៅសុំជ្រកកោននៅប្រទេសវៀតណាម គឺមិនអាចយកកងទ័ពទៅជាមួយនោះទេ ដូច្នេះជម្រើសដែលល្អ គឺត្រូវឆ្លងកាត់នូវតំបន់នេះ។សម្រាប់សម្តេច យឺតបន្តិច ពិបាកបន្តិច ប៉ុន្តែ ធានាសុវត្ថិភាព។សម្ដេចបានលើកឡើងទៀតថា អ្វីៗបានចាប់ផ្ដើមពីទីនោះ ហើយវាជាពេលវេលាដ៏ សោកសៅបំផុតសម្រាប់ជីវិត។

ការផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និង ប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។

ដើម្បីរម្លឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ ប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និង ប្រជាជនសម្រាប់កុលបុត្រខ្មែរជំនាន់ក្រោយនោះ ចាប់តាំងពីឆ្នាំ២០១៧នោះមក រាជរដ្ឋាភិបាលបានរៀបចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ និង មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង