ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៨ មិថុនានេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសិង្ហបុរី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ជាដំណើរទស្សនកិច្ច រំពឹងថា នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមមួយចំនួន។
គណៈប្រតិភូជាន់ខ្ពស់អមដំណើរសម្តេច ហ៊ុន ម៉ាណែត មានជាអាទិ៍៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង មន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។
ក្នុងដំណើរទស្សនកិច្ចនោះ សម្តេចមានជំនួបទ្វេភាគីជាមួយ លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង (Lawrence Wong) ក្នុងឱកាសនោះ ថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ថ្នាក់ដឹកនាំទាំងពីរ ក៏រំពឹងថា នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន និងដាក់ឱ្យដំណើរការជាផ្លូវការគម្រោងចក្ររបៀងតម្លាភាពហិរញ្ញវត្ថុ។
ជំនួបសម្តែងការគួរសម ជាមួយ លោក ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម (Tharman Shanmugaratnam) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី (២). ជំនួបសម្តែងការគួរសម ដោយ លោក លី ស៊ាងឡុង (Lee Hsien Loong) ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី (៣). អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី និង (៤). អញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត ព្រមទាំងអញ្ជើញទស្សនាអគារហេដ្ឋរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi)៕