កូឡាកាតា៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបានបុកគ្នានៅថ្ងៃចន្ទ ទី១៧ ខែមិថុនានេះ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា ដោយបានក្រឡាប់ទូរថភ្លើងដឹកអ្នកដំណើរចំនួនបី។
រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានបង្ហាញពីបំណែកនៃទូរថភ្លើងដែលក្រឡាប់ផ្ងារជើង ហើយម្ខាងទៀតទើទៅលើរថភ្លើងមួយទៀត។ប៉ូលិសបាននិយាយថា ក្រុមអ្នកជួយសង្រ្គោះកំពុងរុករកទូរថភ្លើងដែលក្រឡាប់ដែលអាចនឹងមានសាកសពច្រើនទៀតដែលជាប់នៅខាងក្រោម។
មន្ត្រីប៉ូលិសក្នុងតំបន់ Iftikar-Ul-Hassan បានប្រាប់ AFP ថា "បច្ចុប្បន្ននេះយើងមានការបញ្ជាក់ពីអ្នកស្លាប់ចំនួន ៧ នាក់ និងអ្នកដំណើរចំនួន ៣៩ នាក់បានសម្រាកនៅមន្ទីរពេទ្យក្នុងស្រុកមួយ" នេះគឺជាឧបទ្ទវហេតុនេះថ្មីមួយដែលបានវាយប្រហារបណ្តាញផ្លូវដែកដ៏កក្រើករបស់ប្រទេសឥណ្ឌា ដែលដឹកអ្នកដំណើររាប់លាននាក់ក្នុងមួយថ្ងៃៗ។
នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានផ្ញើការរំលែកទុក្ខដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ លោកក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធព្យាយាមស្វែងរកសាកសព និងបន្តសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះ៕