អាម៉េរិក៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាម៉េរិកបានគូសបញ្ជាក់ថាវត្តមាននៃការមកដល់នៃនាវាដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ីមិនត្រូវបានកងកម្លាំងអាម៉េរិករកឃើញថានាំមកជាមួយនូវការគំរាមគំហែងដល់តំបន់ក្បែរសហរដ្ឋអាម៉េរិកឡើយ។ ការអះអាងបែបនេះធ្វើឡើងភ្លាមៗបន្ទាប់ពីអាម៉េរិកបានបញ្ជូននាវាចម្បាំង ៣ គ្រឿងទៅក្បែរប្រទេសគុយបាដើម្បីការពារខ្លួនពីការវាយប្រហារណាមួយរបស់នាវារុស្ស៊ី។
បើតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា "យើងពិតជាយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយវត្តមាននៃនាវារុស្ស៊ីមិនបង្កការគំរាមកំហែងដល់សហរដ្ឋអាម៉េរិកទេ" ហើយនាវានេះគឺទៅបំពេញទស្សនកិច្ចរយៈពេលមួយសប្តាហ៍ក្នុងប្រទេសគុយបាតែប៉ុណ្ណោះដោយមិនមានសញ្ញាណាមួយដែលនឹងបង្កហេតុដោយសារនាវានេះឡើយ។ មន្ត្រីអាម៉េរិកកំពុងតាមដានដំណើរទស្សនកិច្ចនេះយ៉ាងដិតដល់។ កងទ័ពជើងទឹកអាម៉េរិកក៏បានប្រើប្រាស់យន្តហោះគ្មានមនុស្សតាមដានយ៉ាងដិតដល់ ដើម្បីជាការឆ្លើយតបទៅវត្តមាននៃនាវារុស្ស៊ី។
ជាការឆ្លើយតបភាពតានតឹងក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា នាវាចម្បាំង Admiral Gorshkov និងនាវាមុជទឹក Kazan គឺជានាវាផ្ទុកអាវុធទំនើបៗ រួមទាំងម៉ីសីលលឿនជាងសំឡេង Zircon ដោយការមកនេះគឺជាដំណើរទស្សនកិច្ចក្នុងប្រទេសគុយបាននឹងធ្វើសមយុទ្ធមួយចំនួនតែប៉ុណ្ណោះ។
គួរបញ្ជាក់ថារុស្ស៊ីបានបញ្ជូននាវាចម្បាំងទៅកាន់ប្រទេសគុយបានាពេលកន្លងមក ហើយប្រទេសទាំងពីរគឺជាសម្ព័ន្ធមិត្តយូរអង្វែង ប៉ុន្តែពេលវេលានៃការបញ្ជូននាវាបែបនេះទៅគុយបាបានធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានការបាក់បែង។
ដំណើរទស្សនកិច្ចនេះគឺជានិមិត្តសញ្ញាដ៏សំខាន់នៃការគាំទ្រដល់រដ្ឋាភិបាលដែលគ្រប់គ្រងដោយកុម្មុយនិស្តនៅក្នុងប្រទេសគុយបា និងសម្ព័ន្ធមិត្តសង្គមនិយមរបស់ខ្លួនគឺវេណេហ្ស៊ុយអេឡា ជាកន្លែងដែលនាវាចម្បាំងអាចធ្វើដំណើរទៅបន្ទាប់ បន្ទាប់ពីពួកគេបញ្ចប់ទស្សនកិច្ចនៅទីក្រុងហាវ៉ាណា។
ដំណើរទស្សនកិច្ចរបស់នាវា ដែលរួមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាចម្បាំង ត្រូវបានគេមើលឃើញថាជាការបង្ហាញកម្លាំងចំពេលមានភាពតានតឹងរបស់ទីក្រុងម៉ូស្គូជាមួយលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែន។នាវានេះបានបោះយុថ្កានៅឈូងសមុទ្រ Havana ដែលមានចម្ងាយប្រហែល ៩០ ម៉ាយ (១៤៥ គីឡូម៉ែត្រ) ពីរដ្ឋ Florida សហរដ្ឋអាម៉េរិក៕