Cctimesw1140xh150cm copy

ក្រសួងការងារនឹងរៀបចំ«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»រយៈពេល២ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នាថ្ងៃទី១៥-១៦ មិថុនា។ ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់សិស្ស-និស្សិត និងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ លើកឡើងថា ទិវាជាតិនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្តទៅដល់សិស្ស-និស្សិត និងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយអំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

លោក កត្តា អ៊ន រំពឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងមានអ្នកចូលរួមលើសពី៦ម៉ឺននាក់ ដោយតាមរយៈទិវានេះនឹងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ជាពិសេសយុវជន ពីការសិក្សាវិទ្យាសាស្រ្តសង្គម មកសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលទីផ្សារការងារមានតម្រូវការខ្ពស់នៅកម្ពុជា។ បន្ថែមពីនេះ ទិវាជាតិនេះនឹងពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង ៣៧ នៅទូទាំងប្រទេស ក្នុងទិសដៅស្រូបទាញយុវជនគោលដៅមកចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែច្រើនថែមទៀត។

សូមជម្រាបថា ទិវាជាតិអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ រៀបចំឡើងចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី ដល់ម៉ោង ២០:០០នាទី នៅមជ្ឈមណ្ឌលពិពរណ៍ និងសន្និបាតកោះពេជ្រ។ ជាពិសេស មានការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិពរណ៍ចំនួន ១២៥ ដោយមានការចូលរួមពីស្ថាបន័ចំនួន ១០៤៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង