ភ្នំពេញ៖ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន គឺលោក Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំប្រទេសកម្ពុជា។អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា ប្រកាសស្វាគមន៍ ហើយជឿជាក់ថា វត្តមានរបស់លោក Wang Wenbin នឹងជួយឱ្យទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជា នឹងឈានដល់កម្រិតខ្ពស់ថ្មី។
ក្នុងបទសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានប្រកាសស្វាគមន៍ លោក Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំកម្ពុជា។លោក Wang Wenbin មានអាយុ ៥៣ ឆ្នាំ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន និងមានបទពិសោធន៍ផ្នែកការទូតជាង ៣០ ឆ្នាំ។ លោកក៏ត្រូវបានគេស្គាល់ថា ជាអ្នកដែលពូកែវោហាសាស្ត្រក្នុងការឆ្លើយតបជាមួយនឹងបញ្ហាទំនាក់ទំនងការទូតរបស់ចិន ដោយមាន រហ័សនាម «អ្នកចម្បាំងចចក»។
បើតាមលោក ជុំ សុន្ទរី កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱ្យឯកអគ្គរដ្ឋទូតថ្មី លោក Wang Wenbin នូវកិច្ចសហប្រតិបត្តិការពេញលេញ និង ធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និង ពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការពេជ្រ រវាងប្រជាជាតិទាំងពីរ។លោកជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកអគ្គរដ្ឋទូតថ្មី ទំនាក់ទំនងរវាងប្រទេសចិន និង កម្ពុជា នឹងឈានដល់កម្រិតខ្ពស់ថ្មី។
ការតែងតាំងជើងខ្លាំងកិច្ចការបរទេសចិនមកកាន់កម្ពុជាពេលនេះ គឺដោយសារតែលោកស្គាល់ និង យល់ច្បាស់ពីកិច្ចការទំនាក់ទំនងកម្ពុជា-ចិន និងផ្អែកលើនិន្នាការភូមិសាស្ត្រនយោបាយក្នុងតំបន់។ការតែងតាំងលោក Wang Wenbin មកកម្ពុជា គឺធ្វើឡើងស្របពេលអាម៉េរិកចាត់តាំងមន្រ្តីការបរទេសជាន់ខ្ពស់គឺលោក Robert Forden ជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា។លោក Robert Forden គឺជាសមាជិកផ្នែកកិច្ចការបរទេសជាន់ខ្ពស់ មានឋានៈជាទីប្រឹក្សារបស់រដ្ឋមន្ត្រី ហើយបច្ចុប្បន្ននេះ លោកកំពុងបំពេញតួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យ កិច្ចការអាស៊ីខាងកើត និង ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក៕