ស្វីស៖ ប្រទេស និងអង្គការជិត ៩០ ដែលពាក់កណ្តាលមកពីអឺរ៉ុប បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលរៀបចំដោយប្រទេសស្វីសដែលនឹងចាប់ផ្តើមកិច្ចប្រជុំនៅចុងសប្តាហ៍នេះ។ ប្រទេសរុស្សីមិនត្រូវបានគេអញ្ជើញចូលរួមដំណោះស្រាយសន្តិភាពអ៊ុយក្រែនឡើយ រុស្សីក៏បានធ្វើការបដិសេធមិនចូលរួមកម្មវិធីកិច្ចប្រជុំនាៗស្តីពីសន្តិភាពអ៊ុយក្រែនឡើយ។
ប្រធានសហព័ន្ធស្វីសលោកស្រី Viola Amherd បានប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋធានី Bern នៃប្រទេសស្វីសថា កិច្ចប្រជុំកំពូលនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នឹងមានបំណងកំណត់ផ្លូវឆ្ពោះទៅរកសន្តិភាពដែលអាចកើតមានជិត ២៨ ខែ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន វេទិការសន្តិភាពអ៊ុយក្រែននេះធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរវាងប្រទេសរុស្សី និងអ៊ុយក្រែន ដោយអ្នកចូលរួមភាគច្រើនជាមេដឹកនាំប្រទេសកំពូល ដែលមានប្រហែលពាក់កណ្តាលតំណាងនៅកម្រិតប្រមុខរដ្ឋ រដ្ឋាភិបាល និងមួយចំនួនមកពីអង្គការសហប្រជាជាតិ។
ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Olaf Scholz អនុប្រធានាធិបតីអាម៉េរិក Kamala Harris ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Joe Biden គឺលោក Jake Sullivan ត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ។
ចំណែកប្រទេសប្រេស៊ីល និងចិនបាននិយាយថា ពួកគេនឹងមិនចូលរួមទេ លុះត្រាតែភាគីជម្លោះទាំងពីរចូលរួមទាំងរុស្ស៊ីផងដែរ ដោយក្នុងនោះប្រទេសចិនបានចាត់ទុកការអញ្ជើញចូលរួមនេះពិបាកនឹងធ្វើការឆ្លើយតបដោយសារតែភាគីរុស្សីមិនមានវត្តមានក្នុងកិច្ចប្រជុំ។
ក្រុមមន្ត្រីស្វីសបានអះអាងថាយោធាចំនួន ៤,០០០នឹងត្រូវដាក់ពង្រាយ ដើម្បីផ្តល់សន្តិសុខ និងគាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាស ការឃ្លាំមើល និងដាក់ចេញនូវរបងសុវត្ថិភាព និងការការពារយ៉ាងតឹងរឹងបំផុតដល់សុវត្ថិភាពអ្នកដែលចូលរួមកិច្ចប្រជុំកំពូលនេះ៕