ភ្នំពេញ៖ កីឡាករភូមា Dave Leduc នាថ្ងៃ១០ ខែមិថុនានេះ បានបង្ហោះសារនៅលើបណ្ដាញគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបង្ហាញការមិនពេញចិត្តចំពោះប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ ក្រោយលោក ខូវ ឆាយ បានប្រកាសពីការមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀន នៅកម្ពុជាបន្ទាប់ពីកីឡាកររូបនេះបានធ្វើខុសវិន័យមួយចំនួន។
យោងតាមទំព័រ Facebook កីឡាករមីយ៉ាន់ម៉ា លោក Dave Leduc លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើ របស់លោកប្រធានថ្មីនៃសហព័ន្ធគុនខ្មែរ ដែលគ្មានវិជ្ជាជីវៈ និងមិនមានការផ្តល់តម្លៃមកលើរូបលោក។ លោកចាត់ទុកទង្វើលោក ខូវ ឆាយ កំពុងព្យាយាមចង់ល្បីដោយយកឈ្មោះលោកមកធ្វើជាវិធានបទ។ កីឡាកររូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយពិភាក្សាអំពីបញ្ហាជៀសជាងធ្វើការផ្សព្វផ្សាយព័ត៌មានទៅកាន់ប្រព័ន្ធសង្គម។
សម្រាប់លោក Dave លោកពិតជាស្រលាញ់ប្រទេសកម្ពុជា លោកចង់រស់នៅទីក្រុងនៅភ្នំពេញជាមួយគ្រួសាររបស់លោក និងកូនរបស់ខ្លួនទើបតែកើតបាន ១ខែ នៅភ្នំពេញ។ លោកបានវិនិយោគនៅទីនេះ លោកបានបង្កើតការងារសម្រាប់បុគ្គលិក នឹងជួយគ្រួសារជាច្រើន ដែលជាអតីតយុទ្ធជន លោកបានបើកអាជីវកម្មនៅទីនេះ។
គួររំលឹកថា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ បានប្រកាស នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ មិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាដាច់ខាត បន្ទាប់ពីលោកបានមើលឃើញកីឡាករ Lethwai របស់មីយ៉ាន់ម៉ារូបនេះ បានបង្កបញ្ហាម្ដងហើយម្ដងទៀត ក្រៅពីគិតប្រយោជន៍ផ្ទាល់ខ្លួន៕