ស៊ីដនី៖ ភ្លៀងធ្លាក់ខ្លាំងបាននាំមកនូវទឹកជំនន់ភ្លាមៗដល់ទីក្រុងធំមួយចំនួនក្នុងប្រទេសអូស្ត្រាលី ដែលជំរុញឱ្យមានការជួយសង្គ្រោះ និងបញ្ជាជម្លៀសប្រជាពលរដ្ឋដែលកំពុងតែស្ថិតក្នុងតំបន់រងគ្រោះខ្លាំង ។ អាជ្ញាធរគ្រាអាសន្នអូស្រា្តលីបានអះអាងថា ពួកគេបានធ្វើការជួយសង្គ្រោះពលរដ្ឋចំនួន ១៣នាក់ និងបានទទួលការហៅទូរស័ព្ទចំនួន ២៩៧ ដងសម្រាប់ជំនួយពីអ្នកស្រុកនៅក្នុងទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ New South Wales ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
អ្នកព្យាករណ៍អាកាសធាតុរបស់ប្រទេសអូស្រា្តលីបានព្រមានថាទឹកជំនន់ដ៏ធំអាចកើតឡើងនៅភាគពាយព្យនៃទីក្រុងស៊ីដនី ដែលជាទីក្រុងដែលមានប្រជាជនប្រហែល ៥ លាននាក់ ហើយជ្រលង Hawkesbury-Nepean របស់ទីក្រុងស៊ីដនី គឺជាតំបន់ទំនាបលិចទឹក ដែលងាយនឹងកើតមានទឹកជំនន់ដ៏ខ្លាំងខ្លា។
គួរបញ្ជាក់ថាទឹកជំនន់គឺជាប្រភេទគ្រោះមហន្តរាយធម្មជាតិដែលមានមនុស្សស្លាប់ច្រើនជាងគេទីពីរ បន្ទាប់ពីរលកកំដៅក្នុងប្រទេសអូស្ត្រាលី ដែលស្មើនឹង ២០ ភាគរយនៃការស្លាប់ដោយសារគ្រោះធម្មជាតិចន្លោះពីឆ្នាំ ១៩០០ ដល់ឆ្នាំ ២០២២៕