Cctimesw1140xh150cm copy

ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់នៅតំបន់ហ្គាហ្សាកើនឡើងដល់ ៣៦.៦៥៤នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៦.៦៥៤នាក់។ក្នុងរយៈពេលមួយថ្ងៃកន្លងមក កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦៨នាក់ និងរបួស ២៣៥នាក់បន្ថែមទៀត ដែលនាំឱ្យអ្នករបួសសរុបកើនដល់ ៨៣.៣០៩នាក់ ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបានចេញផ្សាយ។

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថាមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងខ្លានៃបរិក្ខារពេទ្យនៅតំបន់ហ្គាហ្សាដោយកងទ័ពអ៊ីស្រាអែល រួមជាមួយនឹងការបិទច្រកព្រំដែន Rafah ចាប់តាំងពីការកាន់កាប់ដោយអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែឧសភា បានធ្វើឱ្យមានការលំបាកសម្រាប់អ្នករបួសនៅតំបន់ហ្គាហ្សាក្នុងការទទួលបានការព្យាបាល។ ស្ថានភាពសុខភាពរបស់អ្នករបួសជាច្រើននាក់កាន់តែយ៉ាប់យ៉ឺន ដោយចំនួនអ្នកជំងឺដែលត្រូវការការព្យាបាលនៅខាងក្រៅហ្គាហ្សាបានកើនឡើងដល់ ២៥,០០០ នាក់។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃព្រហស្បតិ៍បានចេញផ្សាយវីដេអូដែលបង្ហាញពីប្រតិបត្តិការរបស់ពួកគេនៅក្នុងតំបន់ហ្គាហ្សា។IDF បានរាយការណ៍ថា មួយថ្ងៃកន្លងទៅ យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើគោលដៅរាប់សិបកន្លែងក្នុងហ្គាហ្សា រួមទាំងឃ្លាំងអាវុធ ផ្លូវរូងក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលប្រើប្រាស់ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។កងកម្លាំងអ៊ីស្រាអែលក៏បានរកឃើញផ្លូវរូងក្រោមដីជាច្រើន និងសព្វាវុធជាច្រើននៅតំបន់ភាគខាងកើតនៃជំរំជនភៀសខ្លួន Bureij និង Deir al-Balah។ យោងតាម IDF កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាតាមគោលដៅនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា និងបានផ្តាច់ជីវិតទាហានប៉ាឡេស្ទីនអស់ជាច្រើននាក់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង