681 ezgif.com resize
Swift cc time

ប្រមុខការពារជាតិអាម៉េរិក-កម្ពុជាប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ«វិស័យការពារជាតិ»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង ស្តាំ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin)

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចរយៈពេលពេញមួយថ្ងៃនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) បានជួបថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាមានជាអាទិ៍ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ចុងក្រោយគឺលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ។ក្នុងជំនួបចុងក្រោយ លោក អូស្ទីន បានប្រកាសប្តេជ្ញាធ្វើការរួមគ្នាជាមួយកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិកឡើងវិញ។

ក្នុងជំនួបជាមួយលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ឡយ អូស្ទីន (Lloyd Austin) បានបង្ហាញពីជំហរបន្តគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អាមេរិកឥតងាករេដោយឈរលើស្មារតីបង្កើនជំនឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ វិបុលភាព និង ការអភិវឌ្ឍ។

នៅក្នុងជំនួបដ៏សំខាន់នោះ ប្រមុខការពារជាតិនៃអាម៉េរិក និង កម្ពុជា ប្តេជ្ញារួមគ្នាក្នុងកិច្ចខិតខំប្រឹង ប្រែងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាមេរិកឡើងវិញ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច, ប្រតិបត្តិការរក្សា សន្តិភាព "លើកកម្ពស់ការចូលរួមកងកម្លាំងរក្សាសន្តិភាពជាស្ត្រី (យេនឌ័រ), ជួយហ្វឹកហ្វឺនកងរក្សាសន្តិភាព, ការបញ្ជូនសិក្ខាកាមទៅសិក្សាជំនាញទ័ពជើងគោក ជើងទឹក ជើងអាកាស នៅសាលា West Point របស់អាម៉េរិក និង ការបណ្ដុះបណ្តាលវគ្គជំនាញបច្ចេកទេសផ្សេងៗ។

លោក ទៀ សីហា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ពសហរដ្ឋអាម៉េរិកដែលបានយកចិត្តទុកដាក់ជួយ ឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជា ពិសេស ការជួយពង្រឹង និងលើកកម្ពស់សមត្ថភាពកងយោធពលខេមរភូមិន្ទ រួមទាំងកងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្រៅពីនេះ សមភាគីទាំងពីរបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោក លោក ឡយ អូស្ទីន គឺជាឱកាសមួយសម្រាប់ពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកងទ័ពទាំងពីរកម្ពុជា-អាមេរិក ឱ្យកាន់តែប្រសើរឡើង ដែលនាំមកនូវឧត្តមប្រយោជន៍ជូនកងទ័ព និង ប្រជាជនសម្រាប់អនាគត។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅថ្ងៃទី ៤ មិថុនានេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។សម្រាប់អាម៉េរិក ដំណើរទស្សនកិច្ចនេះ ពិភាក្សាគ្នា​អំពីទំនាក់ទំនង អាម៉េរិក កម្ពុជា និង​ឱកាសនានា​ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បើតាមស្ថានទូតអាម៉េរិកនៅកម្ពុជា ជំនួបរបស់លោកអូស្ទីនជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នឹងផ្តល់នូវឱកាសក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ និង សន្តិសុខទ្វេភាគី ក្នុងរបៀបដែលនឹងជួយដល់សន្តិសុខប្រទេសកម្ពុជា និង​ផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង