កំពត៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ និងខេត្តកំពត លើកស្លាកប៉ាណូផ្សព្វផ្សាយតាមទីតាំងគោលដៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង និងបឹងព្រែកល្ពៅ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបរបាញ់សត្វព្រៃ និងផលប៉ះពាល់នៃការបរិភោគសាច់សត្វព្រៃ នៅតំបន់ដីសណ្ដមេគង្គក្រោម។
ស្លាកប៉ាណូផ្សព្វផ្សាយការដឹងអំពីការបរបាញ់សត្វព្រៃ និងផលប៉ះពាល់នៃការបរិភោគសាច់សត្វព្រៃ ត្រវបានដាក់នៅចំណុចទីតាំងតំបន់ភ្នំទឹកធំ ស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត និងនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ។ បន្ថែមពីនេះ ស្លាកប៉ាណូនេះ ក៏ត្រូវបានតម្លើង នៅចំណុចរនេល ឃុំរមេញ ស្រុកកោះអណ្តែត និងនៅចំណុចនៅទីតាំងគល់ស្ពានថ្មនៅជិតសាលាបឋមសិក្សាកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ជាមួយគ្នានោះ អង្គការជីវិតធម្មជាតិនៅកម្ពុជា អំពាវនាវដល់សាធារណជនចូលរួមថែរក្សា និងអភិរក្សសត្វព្រៃគ្រប់ប្រភេទឲ្យបានគង់វង្សយូរអង្វែងសម្រាប់ជាផលប្រយោជន៍ដល់ប្រទេសជាតិ និងមនុស្សជំនាន់ក្រោយ ជាពិសេសសត្វក្រៀលដែលជាប្រភេទកម្រ និងជិតផុតពូជនៅលើពិភពលោក៕