ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបំភ្លឺថា ស្រដៀងគ្នាជាមួយបញ្ហាស្បៀងអាហារ ដូចជាស្រូវ អង្ករ មិនមែនមានន័យថាក្នុងគ្រួសារម្នាក់ៗមានស្រូវពេញហូរហៀរជង្រុក ហូបមិនអស់គ្រប់គ្រួសារ ហើយបាននាំអង្ករចេញទៅលក់នៅក្រៅប្រទេសនោះទេ។ ថាមពលក៏ស្រដៀងគ្នាដែរ គឺចំពោះមុខឆ្នាំ២០២៥ ឆ្នាំ២០២៦ ឆ្នាំ២០២៧ គឺអាចមានការប្រឈមដែលត្រូវបានគេហៅថា អន្តរកាលថាមពល។
លោក កែវ រតនៈ បានបន្តថា ក្នុងអន្តរកាលនេះ កម្ពុជាត្រូវដោះស្រាយបញ្ហា៣ដូចជា បញ្ហាទី១ ជាបញ្ហារក្សាថ្លៃកុំឱ្យឡើង ហើយបើអាចចុះបានល្អ, បញ្ហាទី២ ចង់ដោះស្រាយបញ្ហាផ្គត់ផ្គង់កុំឱ្យខ្វះ ប្រសិនបើអាច, និង បញ្ហាទី៣ គឺចង់បង្កើនថាមពលបៃតងឱ្យច្រើន។
បើតាមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សព្វថ្ងៃនេះកម្ពុជា មានថាមពលបៃតងប្រមាណ៦២% ហើយកម្ពុជា
ចង់បង្កើនដល់ជាង៧០% មុនឆ្នាំ២០៣០ ក្នុងគោលដៅធំៗមួយចំនួនដូចជា ដើម្បីការពារបរិស្ថាន, យកថាមពលបៃតងនេះ ទៅទាក់ទាញវិនិយោគពីក្រៅប្រទេសមកបង្កើតជាការងារឱ្យកម្មករ កម្មការិនី យុវជន យុវនារីកម្ពុជា ឱ្យសម្បូរការងារធ្វើ សម្រាប់ជាការជ្រើសរើសផងដែរ។
លោកបញ្ជាក់ថា កម្ពុជាមិនចាំបាច់មានថាមពលរហូតដល់ហូរហៀរ១០០% ទើបលក់ថាមពលទៅក្រៅប្រទេសបាននោះទេ បញ្ហានេះមិនចាំបាច់ធ្វើមួយចោលមួយទេ កឺយើងអាចខំធ្វើដើម្បីប្រើប្រាស់ក្នុងស្រុកផង ហើយនឹងនៅតែបន្តប្រឹងប្រែងជជែកជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត ដើម្បីបង្កើតឱកាសឱ្យកម្ពុជា អាចដំឡើងថាមពលពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ ថាមពលវារីអគ្គិសនីដើរដោយទឹក ដើម្បីយកថាមពលមួយចំនួនយកទៅលក់នៅបរទេស ដើម្បីបង្កើនចំណូលឱ្យជាតិ៕