ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក លោក Lloyd Austin នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិក។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាម៉េរិកមកកាន់កម្ពុជានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងក្នុងភាពជាដៃគូរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។
លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាម៉េរិក គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីចូលរួមសន្និសីទស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ នេះជាដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី២របស់លោក Lloyd Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាម៉េរិក ខណៈដែលលើកទី១ លោកបានមកចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា៖ «ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាម៉េរិក បាន និងកំពុងត្រូវបានលើកកម្ពស់នៅក្នុងវិស័យនានាជាច្រើន។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា នៅខែមិថុនា ខាងមុខនេះ លោក Lloyd Austin មានបំណងស្នើជួបជាមួយ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាមួយចំនួន៕