Cctimesw1140xh150cm copy

ត្រឹម៧ថ្ងៃ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង២៤០នាក់បន្ថែមទៀត នៅទូទាំងប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃបន្តបង្ក្រាបបានក្មេងទំនើងចំនួន៦៨ករណី និងឃាត់ខ្លួនសរុបចំនួន២៤១នាក់បន្ថែមទៀត តាមបញ្ជារបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)។

លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ៧ថ្ងៃនេះ កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តបង្ក្រាបក្រុមក្មេងទំនើងចំនួន៦៨ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២៤១នាក់ នៅតាមភូមិសាស្រ្តរាជធានី ខេត្តចំនួន១៣រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ កំពង់ស្ពឺ ពោធិសាត់ ព្រៃវែង កោះកុង ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងខេត្តតាកែវ។ ការបង្ក្រាបសកម្មភាពក្មេងទំនើងភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញចំនួន២១ករណី ស្មើនឹង៤៩នាក់ កណ្តាលចំនួន៥០នាក់ បន្ទាយមានជ័យចំនួន៣១នាក់ និងខេត្តស្វាយរៀងចំនួន២៣នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រុមក្មេងទំនើងនឹងប្រឈមមុខវិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ។ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង