កំពត៖ កូនសត្វផ្សោតក្បាលត្រឡោក កើតថ្មីមួយក្បាល ត្រូវបានអង្គការអភិរក្សសមុទ្រកម្ពុជា ប្រទះឃើញនៅព្រែកត្នោត ខេត្តកំពត កាលពីពេលថ្មីៗនេះ។
កូនសត្វផ្សោតថ្មីមួយ ត្រូវបានអង្គការអភិរក្សសមុទ្រកម្ពុជា ប្រទះឃើញនៅព្រែកត្នោត ដែលជាកន្លែងដែលអង្គការអភិរក្សសមុទ្រចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ។ វាជាការដែលមិននឹកស្មានដល់… ព្រោះកូនផ្សោតនេះ ជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំ ដែលថតជាប់នៅក្នុងរូបថតនេះ គឺជាពូជសត្វផ្សោតឈ្លៀច។
បើតាមអង្គការអភិរក្សសមុទ្រកម្ពុជា នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះមានលក្ខណៈស្រដៀងគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើនដែលអង្គការអភិរក្សសមុទ្របានឃើញក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ៕