ព្យុងយ៉ាង៖ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្បែរដែនសមុទ្រនៃប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះចំពេលភាពតានតឹងនៅតំបន់ឧបទ្វីបកូរ៉េកំពុងតែឈានដល់ចំណុកកាន់តែក្តៅឡើង។ ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនេះធ្វើឡើងភ្លាមៗបន្ទាប់ពីកូរ៉េខាងត្បូងបានព្រមានឆ្លើយតបភ្លាមៗបើប្រទេសរបស់ខ្លួនរងការគំរាមគំហែងណាមួយ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថាយោធាកូរ៉េខាងត្បូងបានឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល ១០ គ្រាប់ ដែលបានបាញ់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ។ មីស៊ីលនេះហោះបានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រ។ កូរ៉េខាងត្បូងចាត់ទុកការបាញ់បង្ហោះនេះ គឺជាការបង្កហេតុដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ៕