ក្រុងប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអំពាវនាវមានសន្និសីទសន្តិភាពមួយស្តីពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas។ លោកបានថ្លែងបែបនេះទៅកាន់មេដឹកនាំអារ៉ាប់ និងអ្នកការទូតក្នុងវេទិកាក្នុងទីក្រុងប៉េកាំង។
ថ្លែងទៅកាន់គណៈប្រតិភូនៅព្រឹកថ្ងៃព្រហស្បតិ៍ លោក ស៊ីបានគូសបញ្ជាក់ថា ប្រទេសចិនបានគាំទ្រដល់សន្និសីទសន្តិភាពដើម្បីដោះស្រាយជម្លោះក្នុងតំបន់មជ្ឈិមបូព៌ា តំបន់មជ្ឈិមបូព៌ាគឺជាទឹកដីដែលផ្តល់អោយនូវទស្សនវិស័យទូលំទូលាយសម្រាប់ការអភិវឌ្ឍន៍ ប៉ុន្តែសង្រ្គាមបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ាប្រែក្លាយជាសមភូមិដ៏ក្តៅមួយដែលពិភពលោកកំពុងតែសម្តែងការព្រួយបារម្ភ។
សម្រាប់លោកស៊ីប្រទេសចិន គាំទ្រដល់សមាជិកភាពពេញលេញរបស់ប៉ាឡេស្ទីននៅក្នុងអង្គការសហប្រជាជាតិ និងគាំទ្រដល់សន្និសីទសន្តិភាពអន្តរជាតិដើម្បីរួមគ្នាដោះស្រាយវិបត្តិក្នុងតបន់មជ្ឈឹមបូព៌ា។ លោកស៊ីបានសម្តែងការឈឺចាប់យ៉ាងខ្លាំងចំពោះស្ថានភាព "ធ្ងន់ធ្ងរបំផុត" នៅក្នុងតំបន់ហ្គាហ្សាដោយមានមនុស្សប្រមាណជាង ៣ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាមចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣មក។
លោកស៊ីសង្គត់ធ្ងន់ថាកិច្ចការអាទិភាពកំពូលនាពេលនេះ គឺបទឈប់បាញ់ភ្លាមៗ ដើម្បីជៀសវាងការរីករាលដាលនៃជម្លោះ ផលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងដើម្បីការពារអាយុជីវិតជនស៊ីវិលស្លូតត្រង់៕