ញូវដែលី៖ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌាបានចេញការប្រកាសអាសន្នពណ៌ក្រហមភ្លាមៗដល់តំបន់ជាច្រើននៃភាគពាយព្យរបស់ប្រទេសឥណ្ឌានៅថ្ងៃពុធនេះដោយព្រមានអំពីរលកកំដៅដ៏ធ្ងន់ធ្ងរនឹងវាយប្រហារតំបន់ជាច្រើន ហើយពលរដ្ឋអាចនឹងប្រឈមបញ្ហាសុខភាពនិងកម្តៅក្តៅខ្លាំងមិនធ្លាប់មានពីមុន។ ការជូនដំណឹងពណ៌ក្រហមបង្ហាញពី "លទ្ធភាពខ្ពស់" នៃមនុស្សដែលនឹងប្រឈមជាមួយនិងការដាច់សរសៃឈាមខួរក្បាល នាយកដ្ឋានអាកាសធាតុក៏អំពាវនាវឱ្យមាន "ការយកចិត្តទុកដាក់បំផុត" សម្រាប់មនុស្សដែលងាយរងគ្រោះដោយសារតែរលកកម្តៅវាយប្រហារ។
ស្ថានីយ៍អាកាសធាតុក្នុងតំបន់ Mungeshpur និង Narela នៃទីក្រុង Delhi បានកត់ត្រាសីតុណ្ហភាព ៤៩.៩ អង្សាសេកាលពីថ្ងៃអង្គារ ដែលជាកំណត់ត្រាក្តៅខ្លាំងមិនធ្លាប់មានពីមុនមក។រដ្ឋាភិបាលក្នុងតំបន់របស់ក្រុងដេលីក៏បានដាក់កម្រិតការផ្គត់ផ្គង់ទឹកដល់ពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះដោយសាររលកកម្តៅ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមនុស្សបីនាក់ទៀតបានស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Jaipur ក្នុងរដ្ឋ Rajasthan ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងទីក្រុងកើនឡើងដល់ ៤ នាក់។ ការកើនឡើងសីតុណ្ហភាពក៏បានជំរុញឱ្យស្ថាប័នបោះឆ្នោតរបស់ប្រទេសឥណ្ឌាធ្វើការរៀបចំបន្ថែមនៅពេលដែលទីក្រុងដេលីកំពុងតែប្រព្រឹត្តិការបោះឆ្នោតជាតិកាលពីសប្តាហ៍មុន រួមទាំងការដាក់ពង្រាយក្រុមគ្រូពេទ្យនៅតាមការិយាល័យបោះឆ្នោត ដើម្បីត្រៀមសង្រ្គោះពលរដ្ឋដែលងាយប្រឈមជាមួយនឹងជំងឺដាច់សរសៃឈាមខួរក្បាល៕