ហ្វីលីពីន៖ ព្យុះទីហ្វុងនៅប្រទេសហ្វីលីពីនបានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ និងដើមឈើជាច្រើនដើមបានដួលរលំបាក់សង្កត់ផ្ទះប្រជាពលរដ្ឋដែលនៅកន្លែងរងគ្រោះ ព្យុះនេះក៏បានបង្ខំឱ្យហ្វីលីពីនបិទកំពង់ផែសមុទ្រជាច្រើនដោយមានអ្នកដំណើររាប់ពាន់នាក់ជាប់គាំង នឹងពលរដ្ឋជាច្រើនសែននាក់ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាពភ្លាមៗ។
បើតាមប៉ូលិសខេត្តដែលរងគ្រោះបានអះអាងថាព្យុះនេះបានបង្កឲ្យមានមនុស្សយ៉ាងហោចណាស់អ្នកភូមិចំនួន ៦ នាក់បានលង់ទឹកស្លាប់នៅកន្លែងទឹកជំនន់ ហើយជនរងគ្រោះម្នាក់ទៀតនៅភាគខាងត្បូងនៃខេត្ត Misamis Oriental បានស្លាប់នៅពេលដែលដើមឈើរលំសង្កត់ពីលើ។ ភូមិជាច្រើនបានលិចលង់ដោយទឹកជំនន់ភ្លាមៗ ដោយតំបន់ទំនាបមួយចំនួនត្រូវបានជន់លិចក្នុងទឹករហូតដល់ ២.៤ ម៉ែត្រនៅក្នុងទីក្រុង Lucena ទីក្រុងនៃខេត្ត Quezon ។
ព្យុះទីហ្វុង Ewiniar បានបោកបក់មកលើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃសុក្រ ហើយបានបោកបក់លើកោះហ្វីលីពីនអស់រយៈពេលជាច្រើនថ្ងៃ មុនពេលផ្លាស់ទីទៅភាគឦសានឆ្ងាយពីប្រជុំកោះ។ ការព្រមានអំពីព្យុះទាំងអស់ត្រូវបានដកចេញកាលពីថ្ងៃអង្គារ។ការផ្លាស់ប្តូរទិសដៅរបស់ព្យុះទីហ្វុងនេះ បានជួយសង្គ្រោះរដ្ឋធានីម៉ានីល ដែលមានប្រជាជនច្រើនកុះករ ពីការវាយលុកដែលអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ប្រធានាធិបតី Ferdinand Marcos Jr បានឲ្យដឹងថាមនុស្សជាង ២៦,៧០០ នាក់ត្រូវបានរងផលប៉ះពាល់ដោយព្យុះទីហ្វុង រួមទាំងមនុស្សជាច្រើនដែលបានភៀសខ្លួនទៅកាន់មជ្ឈមណ្ឌលជម្លៀសនៅក្នុងតំបន់ខេត្តចំនួនប្រាំ។ លោកបាននិយាយថា អាកាសយានដ្ឋានចំនួនបី និងកំពង់ផែសមុទ្រចំនួន ២៩មិនអាចដំណើរការជាធម្មតាបានទេដោយសារព្យុះទីហ្វុងក្នុងនោះក៏មានទីក្រុងនិងទីប្រជុំជនចំនួនប្រាំមួយត្រូវបានវាយប្រហារដោយការដាច់ចរន្តអគ្គិសនី។
គួរបញ្ជាក់ថាព្យុះទីហ្វុង និងខ្យល់ព្យុះប្រហែល ២០ ជារៀងរាល់ឆ្នាំវាយលុកប្រជុំកោះហ្វីលីពីនដែលតែងតែរងការវាយប្រហារដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ដែលធ្វើឱ្យហ្វីលីពីនជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះមហន្តរាយបំផុតក្នុងពិភពលោក។ ក្នុងឆ្នាំ ២០១៣ ព្យុះទីហ្វុង Haiyan ផ្តាច់ជីវិតមនុស្សជាង ៧,៣០០ នាក់ ហើយបានធ្វើឲ្យភូមិទាំងមូលរាបស្មើ បោកបក់កប៉ាល់ចូលគោក និងបានជម្លៀសមនុស្សជាង ៥ លាននាក់នៅកណ្តាលប្រទេសហ្វីលីពីន៕