
ភ្នំពេញ៖ បន្ទាប់ពីស្ថានភាពកូវីដ-១៩ នៅកម្ពុជាមានសភាធូរស្រាល សកម្មភាពនៃការដឹកទំនិញរបស់កម្ពុជាក៏មានសន្ទុះកើនឡើងជាបណ្តើរៗវិញចាប់ពីខែកក្កដា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។ នេះបើតាមប្រសាសន៍របស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) នៅក្នុងការផ្តល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
លោក ស៊ិន ចន្ធី បានគូសបញ្ជាក់ថា រោងចក្រកាត់ដេរ រោងចក្រស្បែកជើង និង ផលិតផលកសិកម្មផ្សេងៗរបស់កម្ពុជា មានសន្ទុះក្នុងការនាំចេញជាងមុនបន្តិចចាប់ពីខែកក្កដា ឆ្នាំ២០២០ ក្រោយពីជំងឺកូវីដ១៩ធូរស្រាល។ក៏ប៉ុន្តែក្នុងកំឡុងកូវីដ-១៩ កម្ពុជាមានការនាំចូលច្រើនជាងការនាំចេញ។
បើតាមលោក ស៊ិន ចន្ធី បរិមាណនៃការនាំចូលទំនិញពីប្រទេសចិនមកកម្ពុជា គឺនៅតែបន្តនាំមុនគេដដែល ដែលភាគច្រើនកម្ពុជានាំចូលប្រភេទទំនិញជាវត្ថុធាតុដើម គ្រឿងសំណង់ និង ឧបករណ៍ប្រើប្រាស់ចាំចាច់មួយចំនួនទៀត។លើសពីនេះ កម្ពុជាក៏មានការនាំចូលពីបណ្តាប្រទេសអាស៊ាន ឬបណ្តាប្រទេសនៅក្នុងតំបន់ផងដែរដូចជា ឥណ្ឌូនេស៊ី ថៃ និងបណ្តាប្រទេសជិតខាងមួយចំនួនទៀត។ កម្ពុជាក៏មានការនាំចេញ ទៅបណ្តាលប្រទេសផ្សេងទៀតដូចជា អាមេរិក អឺរ៉ុបជាដើម ដែលផលិតផលទាងនោះមានដូចជា អង្ករ និង ផលិតផលកសិកម្មមួយចំនួនទៀត។
តែយ៉ាងណាក៏ដោយ បើទោះបីការដឹកទំនិញចេញ-ចូលកើនឡើង តែការកកស្ទះទំនិញនៅព្រំដែននៅបន្តកើតមាន។ជាក់ស្តែងដូចនៅព្រំដែនកម្ពុជា-វៀតណាម ដោយខាងភាគីវៀតណាមបានរឹតបន្តឹងចំពោះការដឹកជញ្ជូនទំនិញ ដែលបណ្តាលឱ្យមានការកកស្ទះទំនិញជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្នការកកស្ទះនេះត្រូវបានដោះស្រាយបានជាបណ្តើរៗ។
ដោយមើលឃើញពីបញ្ហានេះ កម្ពុជាកំពុងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ព្រៃវល្លិ៍ នៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម ដើម្បីរកដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍ដោយសារការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននៅច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម និង ការបើកច្រកព្រំដែនស្ទឹងបត់បានណងអៀន ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសកម្ពុជា ថៃ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕