Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជា-ចិន បិទបញ្ចប់សមយុទ្ធ«កងទ័ពជើងទឹក»ជាលើកដំបូង

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ សមយុទ្ធកងទ័ពជើងទឹកលើកដំបូង «នាគមាស-២០២៤» រវាងកងទ័ពកម្ពុជា-ចិន ក្រោមប្រធានបទ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករ ចាប់ជំរិតនាវាដឹកទំនិញ» ដែលធ្វើឡើងនៅលើផ្ទៃសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ត្រូវបានរៀបចំពិធីបិទនៅព្រឹកថ្ងៃទី ២៧ ខែឧសភាម្សិលមិញ។សមយុទ្ធនេះ ធ្វើដើម្បីផ្លាស់ប្ដូរបទពិសោធន៍ រក្សាបានកិច្ចការប្រតិបត្តិការ បង្កើនទំនុកចិត្តកាន់តែរឹងមាំ និង បន្តជំរុញអភិវឌ្ឍន៍ទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ។

សមយុទ្ធកងទ័ពជើងទឹក «នាគមាស-២០២៤» លើកដំបូងរវាងកងទ័ពកម្ពុជា-ចិន បានធ្វើឡើងរយៈពេល១២ថ្ងៃ ពោលគឺចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែឧសភា ដោយមានការចូលរួមពីកងទ័ពជើងទឹកកម្ពុជា-ចិន សរុប៧៨២នាក់ ក្នុងនោះសមយុទ្ធជើងទឹកលើកដំបូងនេះ កងទ័ពទាំងពីរ បានប្រើប្រាស់នាវាចំនួន ១៤គ្រឿង (កម្ពុជាមាននាវាចូលរួមចំនួន១១គ្រឿង ចិនមាននាវាចម្បាំង៣គ្រឿង) និង ឧទ្ធម្ភាគចក្រចំនួន ០២គ្រឿង នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករដែលចាប់ជំរិតនាវាដឹកទំនិញ។

សមយុទ្ធជើងទឹកនេះ ធ្វើឡើងលើតំបន់ច្រកចន្លោះកោះតាង និងកោះរ៉ុងសន្លឹម ភូមិសាស្ត្រខេត្តព្រះសីហនុ ចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុចែកជា ៣ក្រុមនាវា។សមយុទ្ធនេះនឹងត្រួសត្រាយផ្លូវធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកាន់តែប្រសើរឡើង ពិសេសការផ្លាស់ប្តូរពិសោធន៍ ការបង្កើនសមត្ថភាព លើប្រតិបត្តិការប្រើប្រាស់កម្លាំង មធ្យោបាយកងទ័ពជើងទឹក ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា រួមចំណែកក្នុងបុព្វហេតុការពារសន្តិភាពក្នុងតំបន់។

គួរបញ្ជាក់ថា ឆ្នាំ២០២៤ ជាឆ្នាំទី១ ដែលកងទ័ពជើងទឹកកម្ពុជា និងចិន ហ្វឹកហ្វឺនសមយុទ្ធនាគមាសនេះឡើង។ហើយនៅឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការធ្វើសមយុទ្ធនាគមាស លើកទី៦ រួមគ្នារវាងកម្ពុជា និងចិន មានកងទ័ពសរុបជាង២ពាន់នាក់ អមដោយនាវាចម្បាំងចំនួន ១៤គ្រឿង និង សម្ភារៈយោធាជាច្រើនទៀត បានចូលរួមធ្វើសមយុទ្ធ «នាគមាស» ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារមនុស្សធម៌»។ 

ជាការកត់សម្គាល់ ការធ្វើលំហាត់សមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពទាំងពីរនេះ គឺមានទំហំជាងលើកមុនៗ ដោយសារតែមានចំនួនកងទ័ពចូលរួមច្រើន រួមទាំងពង្រីកកម្រិតធ្វើសមយុទ្ធលើផ្ទៃទឹកបន្ថែមទៀត ក្នុងនោះភាគីទាំងពីរបានប្រើប្រាស់នាវាចម្បាំងរហូត១៤គ្រឿង៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង