ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” បានកោះប្រជុំគ្នាដោយមានការចូលរួមពីគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាតិចិន (China International Engineering Consulting Corporation – CIECC) ដឹកនាំដោយលោកស្រី Jiang Fuhua នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវរបស់ CIECC ស្ដីពីគម្រោងព្រែកជីកហ្វូណនតេជោ។ជាកិច្ចប្រជុំ ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណាជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះឱ្យបានឆាប់រហ័ស។
កិច្ចប្រជុំដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លួវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ខណៈភាគីចិនដឹកនាំដោយក្រុមការងារនៃអគ្គនាយករងនាយកដ្ឋានទុនបរទេស និង ការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងអង្គប្រជុំក៏មានការអញ្ជើញចូលរួម ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង អភិបាលខេត្តនានាជាប់គម្រោងព្រែកជីកហ្វូណនតេជោ។
ជាកិច្ចប្រជុំ ក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានលម្អិតនានា អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និង កំណែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់សំដៅយ៉ាងណាជំរុញដល់ការបើកការដ្ឋាននៃគម្រោងនេះឱ្យបានឆាប់រហ័ស។
លោក ស៊ុន ចាន់ថុល បានពន្យល់ភាគីចិនថា គម្រោងព្រែកជីកហ្វូណនតេជោ រួមមានភូមិសាស្រ្តនៃតម្រាយខ្សែផ្លូវទឹកធម្មជាតិរបស់គម្រោង ដែលជាតម្រាវផ្លូវទឹកបុរាណបានបន្សល់ទុកស្រាប់ និង ធ្លាប់បានប្រើប្រាស់តាំងពីអាណាចក្រហ្វូណន លទ្ធផលនៃការសិក្សាលើគ្រប់បច្ចេកទេសពាក់ព័ន្ធរួមមាន ការរចនាប្លង់សាងសង់ផ្លូវទឹក វិភាគជលសាស្រ្ត បរិស្ថាន សេដ្ឋកិច្ចសង្គម វិស្វកម្មបូមស្តារព្រែកជីក និង គ្រប់ទិដ្ឋភាពជំនាញបច្ចេកទេសលើគ្រប់វិស័យដែលពាក់ព័ន្ធ។
សន្ទះផ្លូវទឹកចំនួន ៣កន្លែង គ្រោងនឹងសាងសសង់ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប អាចធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និង អាចកំណត់បរិមាណនិងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានផងដែរ ដែលមិនអាចបង្ករឱ្យមានផលប៉ះពាល់លើផ្នែកបរិស្ថានឡើយ។
គួរបញ្ជាក់ថា បើតាមការសិក្សាលម្អិត គម្រោងនេះ នឹងជួយរក្សាលំនឹងចីរភាពបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងបង្កើតជម្រកចម្រុះគ្រប់ប្រភេទ កាត់បន្ថយទឹកជំនន់នៅខេត្ត នៅក្នុងប្រទេសកម្ពុជា និងអាចការពារមិនឱ្យមានទឹកជំនន់ពីប្រទេសកម្ពុជាហូរចូលប្រទេសវៀតណាម។