យោងតាមការចុះផ្សាយមួយរបស់បណ្ដាញផ្សាយព័ត៌មាន BBC បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងលោក Lai Ching-te មេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ដែលបានស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤ ដោយបានថ្លែងសុន្ទរកថាមួយចំនួនទាក់ទងនឹង"ឯករាជ្យភាពតៃវ៉ាន់"នោះ កងទ័ពរំដោះប្រជាជនចិននៅថ្ងៃទី២៣ ខែឧសភាបានចាប់ផ្តើមសមយុទ្ធយោធាមានរយៈពេល២ថ្ងៃ ដោយឡោមព័ទ្ធតៃវ៉ាន់ជាមួយយន្ដហោះចម្បាំង និងនាវាចម្បាំង។
សមយុទ្ធនេះមានឈ្មោះថា Joint Sword-2024A ដោយអ្នកនាំពាក្យយោធាចិន លោក Li Xi បានបញ្ជាក់ថាសមយុទ្ធមានរយៈពេល២ថ្ងៃរបស់ចិន មានគោលដៅធ្វើតេស្ដលើសមត្ថភាពដណ្ដើមកាន់កាប់ ការវាយប្រហាររួមគ្នា របស់អង្គភាពកម្លាំងចិនទាំងជើងគោក ជើងអាកាស ជើងទឹក និងកងកម្លាំងមីស៊ីល ព្រមទាំងគ្រប់គ្រងទឹកដីសំខាន់ៗ។
លោកបញ្ជាក់ថា សមយុទ្ធនេះគឺជាដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះទង្វើបបំពាននឹងបង្ហាញពីបំណងផ្តាច់ខ្លួនរបស់កោះតៃវ៉ាន់ និង ជាការព្រមានយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ។
សុន្ទរកថារបស់លោក Lai Ching-te ត្រូវបានគេមើលឃើញថាគឺជា "ការសំដែងផ្នែកនយោបាយដើម្បីទទួលបានការចាប់អារម្មណ៍" ។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន "People's Daily" បានចុះផ្សាយអត្ថបទមួយដែលនិយាយថាសម្តីក្នុងសុន្ទរកថារបស់លោក Lai Ching-teគឺជាការនិយាយមិនសមហេតុផល ដោយធ្វើការលក់ដូរ "ទ្រឹស្តីប្រទេសទាំងពីរ"(Two-state“ Theory) និងការតស៊ូមតិថា "ភាគីទាំងពីរគឺមិនចំណុះអោយគ្នា" គឺពោរពេញទៅដោយចេតនាអាក្រក់ដើម្បី"ពឹងផ្អែកលើបរទេសក្នុងការស្វែងរកឯករាជ្យ" និង "ប្រើកម្លាំងទ័ពដើម្បីស្វែងរកឯករាជ្យ " ដែលសារជាថ្មីម្តងទៀតបង្ហាញពីជំហរដ៏រឹងរូសនៃ "ឯករាជ្យតៃវ៉ាន់"។
អត្ថបទនេះរិះគន់លោក Lai Ching-te ចំពោះការប្រើមធ្យោបាយដ៏គួរឲ្យស្អប់ខ្ពើមផ្សេងៗដើម្បីស្វែងរកឯករាជ្យភាព ដែលវាជាការបោកបញ្ឆោតទាំងស្រុង ដោយប្រើពាក្យដើម្បីលើកតម្កើងខ្លួនគាត់ ហើយបានព្យាយាមអស់ពីសមត្ថភាពក្នុងការបំភាន់បំភ្លៃការពិត លាបពណ៌ និងវាយប្រហារ ដើម្បីបង្ហាញទៅកាន់ចៅហ្វាយនាយបរទេស ដោយបានចាប់ជំរិតប្រជាជនកោះតៃវ៉ាន់ចូលទៅក្នុងសមរភូម"ឯករាជ្យតៃវ៉ាន់"របស់គាត់។ ប្រសិនបើនៅតែទទូចដើរលើផ្លូវអាក្រក់នៃការញុះញង់ជាបន្តទៀត នោះនឹងមានវាសនាដើរបុកនឹងជញ្ជាំងជាមិនខាន។
អត្ថបទនៅចុងបញ្ចប់បានសង្កត់ធ្ងន់ថា មិនថាស្ថានភាពនៅលើកោះនេះប្រែប្រួលយ៉ាងណា មិនថាអ្នកណាកាន់អំណាចនោះទេ វាមិនអាចផ្លាស់ប្តូរការពិតដែលថាចិនដីគោកនិងតៃវ៉ាន់គឺជារបស់ចិនតែមួយ។ការបំបែកខ្លួន "ឯករាជ្យតៃវ៉ាន់" ក្បត់ផលប្រយោជន៍ជាតិ និងនិន្នាការទូទៅរបស់ប្រជាជន ហើយបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍន៍។ វានឹងមិនត្រូវបានគេអត់ឱន សណ្តោស ឬទុកចោលដោយមិនអើពើឡើយ។ ប្រសិនបើនរណាម្នាក់ ឬកម្លាំងណាមួយចង់បំបែកតៃវ៉ាន់ចេញពីប្រទេសចិន ប្រជាជនចិននឹងមិនយល់ព្រមឡើយ សូមកុំមើលស្រាលនៃការប្តេជ្ញាចិត្ត និងឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនដើម្បីការពារឯកភាពជាតិ។
គួរបញ្ជាក់ដែរថា សេចក្តីថ្លែងការណ៍ Cairo ឆ្នាំ 1943 និងសេចក្តីប្រកាស Potsdam ឆ្នាំ 1945 បានចែងយ៉ាងច្បាស់ថា តៃវ៉ាន់ ជាទឹកដីប្រទេសចិនដែលជប៉ុនបានលួចនោះ គួរតែត្រូវបានប្រគល់ជូនប្រទេសចិនវិញ។ ឯកសារទាំងនេះជាមួយនឹងឥទ្ធិពលផ្លូវច្បាប់អន្តរជាតិបានបង្កើតជាផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ហើយវាបានជាមូលដ្ឋានច្បាប់ថា តៃវ៉ាន់ជាទឹកដីមិនអាចកាត់ផ្តាច់បានរបស់ចិន។
នៅថ្ងៃទី 25 ខែតុលា ឆ្នាំ 1971 អង្គការសហប្រជាជាតិបានបើកមហាសន្និបាតលើកទី 26 របស់ខ្លួន ហើយបានអនុម័តសេចក្តីសម្រេចលេខ 2758 ដោយទទួលស្គាល់ថា មានចិនតែមួយគត់នៅលើពិភពលោក ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ដោយមិនមែនជាប្រទេសមួយនោះទេ។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនមានអាសនៈតែមួយគត់នៅអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាតំណាងស្របច្បាប់តែមួយគត់ ដែលគ្មាននោះទេដែលគេនិយាយថា "ចិនពីរ" ឬ "ចិនមួយ តៃវ៉ាន់មួយ"។ ក្នុងចំណោមរដ្ឋសមាជិកទាំង ១៩៣ របស់អង្គការសហប្រជាជាតិ មានប្រទេសជាង ១៨០ ទទួលស្គាល់ "ចិនតែមួយ" ដោយរួមទាំងសហរដ្ឋអាមេរិកផងដែរ។
មនុស្សដែលមានចំណេះដឹងនិងសង្កេតឃើញស្ថានភាពអន្តរជាតិច្បាស់លាស់សុទ្ធតែអាចដឹងថា ការកើនឡើងនូវអណ្តាតភ្លើងនៃកងកម្លាំងឯករាជ្យរបស់តៃវ៉ាន់នៅតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាលទ្ធផលនៃគំនិតផ្តួចផ្តើម និងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសចិន។
យោងតាមការចុះផ្សាយមួយរបស់សារព័ត៌មាន Nikkei Asiaបានអោយដឹងថា កាលពីថ្ងៃទី២៤ ខែឧសភា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានគូសបញ្ជាក់នៅពេលចូលរួមវេទិកាអន្តរជាតិ "អនាគតនៃអាស៊ី" លើកទី២៩ នៅទីក្រុងតូក្យូថា «សហរដ្ឋអាមេរិកចង់ឱ្យចិនដីគោក និងតៃវ៉ាន់ប្រឈមមុខដាក់គ្នា ប៉ុន្តែយើងមិនចាំបាច់ចូលពាក់ព័ន្ធទៅក្នុងនោះទេ»។លោកក៏បានចោទមន្ត្រីជាន់ខ្ពស់អាមេរិកថាទៅកោះតៃវ៉ាន់ដើម្បីញុះញង់ចិនដីគោកនោះគឺរដ្ឋាភិបាលអាមេរិកដែលបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ លោក ក៏បានអំពាវនាវឱ្យអាស៊ានរក្សាអព្យាក្រឹតភាពក្នុងការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីរស់នៅដោយសន្តិភាពជាមួយប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួន និងជៀសវាងសង្គ្រាម ជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូង៕