ភ្នំពេញ៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅ ប្រទេសចំនួន៣ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស លោកប្រមុខការទូត នឹងបំពេញទស្សនកិច្ចផ្លូវការនៅចិន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥។ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ លោក សុខ ចិន្ដាសោភា នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី។ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ លោករដ្ឋមន្ត្រី បំពេញទស្សនកិច្ចការងារនៅប្រទេសម៉ារ៉ុក គឺចូលរួមក្នុងកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន។
តាមសេចក្ដីប្រកាសព័ត៌មាន នៅលើដីប្រទេសចិន ពីថ្ងៃទី ២៤ ដល់ ២៥ ខែឧសភា លោក សុខ ចិន្តាសោភា និងលោក វ៉ាង យី រដ្ឋមន្ត្រីការទូតចិន នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញនូវមិត្តភាពដែកថែបដ៏រឹងមាំដែល មានស្រាប់ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីអបអរសាទរឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ដោយឡែកក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី តបតាមការអញ្ជើញរបស់លោក ហាកាន់ ហ្វីដាន់ រដ្ឋមន្ត្រីការបទេស គឺនៅថ្ងៃទី២៧ ខែឧសភា លោក សុខ ចិន្ដាសោភា នឹងពិសារអាហារថ្ងៃត្រង់ធុរកិច្ច ឆ្លៀតពេលនោះនឹងពិភាក្សាអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងតួកគី។ នៅថ្ងៃទី២៨ ខែឧសភា ប្រមុខការទូតកម្ពុជា នឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឥស្សរជនតួកគី ទាំងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។
នៅថ្ងៃទី២៩ ខែឧសភា លោក សុខ ចិន្តាសោភា និងសមភាគីតួកគី លោក ហាកាន់ ហ្វីដាន់ នឹងមានកិច្ចប្រជុំទ្វេភាគី ដើម្បីស្វែងរកមធ្យោបាយថ្មីៗ ក្នុងការពង្រឹងយន្តការដែលមានស្រាប់លើគ្រប់វិស័យ និងរិះរកបន្ថែមទៀតនូវសក្តានុពលថ្មីៗ លើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏នឹងផ្លាស់ប្តូរ ទស្សនៈគ្នាលើការវិវឌ្ឍថ្មីៗ នៅក្នុងតំបន់ និងអន្តរជាតិ។ លើលពីនេះ ឯកសារនៃកិច្ចសហប្រតិបត្តិ ការមួយចំនួនត្រូវបានរំពឹងថានឹងត្រូវបានចុះហត្ថលេខា ក្នុងអំឡុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
នៅប្រទេសតួកគី លោករដ្ឋមន្ត្រីការបរទេស ក៏នឹងមានជំនួប សំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិត នៅទីនោះ។ ក្រសួងការបរទេសកម្ពុជា វាយតម្លៃថា ដំណើរទស្សនកិច្ចនេះនឹងផ្តល់ជា សក្ខីភាពយ៉ាងច្បាស់នៃចំណងមិត្តភាពដ៏រឹងមាំ និងប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរីកចម្រើនរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា និងតួកគីកំពុងប្រារព្ធខួបលើក ទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៤ នេះ។
ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅចិន និងតួកគី ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ារ៉ុកពីថ្ងៃទី៣០ ដល់ ៣១ ខែឧសភា វិញម្ដង។ ក្នុងពេលបំពេញទស្សនកិច្ចការងារនៅម៉ារ៉ុក លោកឧបនាយករដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ ក្រោមមូលបទ «ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការគាំទ្រអ្វីខ្លះពីរដ្ឋាភិបាល»? ដោយមានការចូលរួមពីឥស្សរជនក្នុងវិស័យសាធារណៈ និងឯកជន។
នៅលើដីម៉ារ៉ុកដដែល លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា នឹងមានជំនួបជាមួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-អង្គការ OIF ជាពិសេសការដាក់បេក្ខភាពកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។
តាមការឱ្យដឹងរបស់ក្រសួងការបរទេសនៅថ្ងៃទី២៣ ខែឧសភា នេះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើដំណើរចាកចេញពីកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទសទាំងបី៕