ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី ២៣ ខែឧសភា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្ក្រាបក្រុមក្មេងទំនើង ជាពិសេសក្រុមដាវស៊ាំម៉ូរ៉ៃ ដែលអុកឡុកក្នុងសង្គម ដោយគ្មានការយោគយល់ និងលើកលែង។ ការដាក់បទបញ្ជានេះ បន្ទាប់ពីសម្តេចសង្កេតឃើញថា នារយៈពេលកន្លងមកនេះមានករណីក្មេងទំនើងបង្កើតជាបក្ខពួកដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ ដែលបណ្តាលឱ្យមានអ្នករងរបួស និងប៉ះពាល់ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា «ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចសូមដាក់បទបញ្ជាទៅអភិបាលរាជធានីខេត្តទាំងអស់ ជាមួយ នឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ នឹងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ»។
ការដាក់បទបញ្ជានេះ បន្ទាប់ពីសម្ដេចបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានករណីកាប់គ្នាបានកើតឡើងជាបន្តបន្ទាប់ ដែលបានបង្កឱ្យមានរបួសស្នាម បំផ្លាញ់ទ្រព្យសម្បត្តិ និងធ្វើឱ្យមានការភិតភ័យដល់ប្រជាពលរដ្ឋ។ ដោយឃើញបែបនេះ សម្ដេចធិបតី បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើឱ្យបានម៉ឺងម៉ាត់ចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការបង្ក ទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានលើកលែង ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងអស់ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងសុវត្ថិភាពប្រជាជន៕