វៀតណាម៖ សភាវៀតណាមបានជ្រើសរើសមេប៉ូលីសវៀតណាមលោក To Lam ជាប្រធានាធិបតីវៀតណាមថ្មី ជាតំណែងប្រធានាធិបតីថ្មីដែលអ្នកវិភាគមើលឃើញថាជា «ជំហានមួយ» សម្រាប់លោក Lam ដើម្បីប្រជែងតំណែងប្រធានបក្សកុម្មុយនិស្តកំពូលរបស់ប្រទេសនៅពេលក្រោយ។ ការបោះឆ្នោតជ្រើសរើសលោក Lam ធ្វើឡើងបន្ទាប់ពីកំពូលមេដឹកនាំវៀតណាមជាង ៨រូបបានប្រកាសលាលែងពីតំណែងតៗគ្នាក្រោយត្រូវបានរកឃើញពីការប្រព្រឹត្តអំពើខុសច្បាប់មួយចំនួនផ្ទុយពីរដ្ឋធម្មនុញ្ញនៃប្រទេសវៀតណាម។
ស្របតាមនីតិវិធីនៅក្នុងរដ្ឋរដ្ឋធម្មនុញ្ញយ៉ាងតឹងរ៉ឹងរបស់វៀតណាម សមាជិកសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទលើ លោក Lam ដែលជាបេក្ខជនតែមួយគត់សម្រាប់តំណែងជាប្រធានាធិបតីថ្មីរបស់វៀតណាម។ លោក Lam ដែលប្រមុខនៃរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈវៀតណាម មានវ័យ ៦៦ ឆ្នាំគឺជាតួអង្គសំខាន់នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយដែលត្រូវបានគេស្គាល់ថាជាគោលនយោបាយ "ភ្លើងឆេះអំពើពុករលួយ" ដែលលោកមានបំណងលុបបំបាត់អំពើពុករលួយក្នុងប្រទេសវៀតណាម។ បន្ទាប់ពីជាប់ឆ្នោត លោក Lam បានប្រាប់សមាជិកសភាថា លោកនឹង "បន្តការតស៊ូប្រឆាំងអំពើពុករលួយ" ក្នុងប្រទេសវៀតណាម នឹងធ្វើការបោសសម្អាតមន្រ្តីដែលជាប់ឃុបឃិតក្នុងអំពើពុករលួយ៕