ភ្នំពេញ៖ នៅសាលមហោស្រពសន្និសីទចតុមុខបានប្រារព្ធព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៤ ក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងលោក តាក គ័ងដុង (TA QUANG DONG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។ ក្រសួងវប្បធម៌នៃប្រទេសទាំងពីរ បានបន្តចុះហត្ថលេខានិងអនុវត្តនូវកិច្ចព្រមព្រៀងផែនការសហប្រតិបត្តិការស្តីពីវប្បធម៌និងសិល្បៈ សម្រាប់ឆ្នាំ២០២៣-២០២៧ ដែលកិច្ចព្រមព្រៀងនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។
នៅក្នុងព្រឹត្តិការណ៍បើកសប្តាហ៍វប្បធម៌នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ចំពោះគ្រប់តួអង្គទាំងអស់ ទាំងថ្នាក់ដឹកនាំ និងសិល្បករ សិល្បការិនី របស់ប្រទេសទាំងពីរ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍សប្តាហ៍វប្បធម៌ ដោយជោគជ័យ និងមិនដែលអាក់ខាន។
បន្ថែមពីនេះលោកស្រីរដ្ឋមន្ត្រី ជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញរបស់ប្រទេសទាំងពីរ បន្តកិច្ចសហការល្អ និងពង្រីកកិច្ចសហការឱ្យកាន់តែទូលាយ ដោយត្រូវគិតគូរផងដែរទៅដល់កិច្ចសហការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មវប្បធម៌ដែលជាវិស័យកំពុងតែមានសក្តានុពលទាំងទៅលើសេដ្ឋកិច្ច និងសង្គម៕