អ៊ីរ៉ង់៖ ឧទ្ធម្ភាគចក្រមួយគ្រឿងដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរបស់លោកបានធ្លាក់ចុះកាលពីល្ងាចថ្ងៃអាទិត្យ ដោយឧទ្ធម្ភាគចក្រកំពុងឆ្លងកាត់តំបន់ភ្នំក្នុងអ័ព្ទខ្លាំង មន្ត្រីអ៊ីរ៉ង់បានប្រាប់រ៉យទ័រថាក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមទៅដល់កន្លែងកើតហេតុដើម្បីធ្វើការសង្រ្គោះ។
មន្ត្រីអ៊ីរ៉ង់មិនបញ្ចេញឈ្មោះមួយរូបបានអះអាងថាជីវិតរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian "ស្ថិតក្នុងហានិភ័យបន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ" ដែលបានកើតឡើងនៅតាមផ្លូវត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ព្រំដែនជាមួយ អាស៊ែបៃហ្សង់ នៅភាគពាយព្យនៃប្រទេសអ៊ីរ៉ង់។មន្ត្រីរូបនេះបន្តទៀតថាយើងនៅតែមានក្តីសង្ឃឹម ដោយប្រតិបត្តិការរុករកកំពុងតែបន្តនៅឡើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថាអាកាសធាតុអាក្រក់បានបង្កឱ្យមានការធ្លាក់ឧទ្ធម្ភាគចក្រហើយបណ្តាលឱ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះព្រោះតែអាកាសធាតុមិនអំណោយផល។ លោក Raisi កំពុងហោះហើរនៅក្នុងឧទ្ធម្ភាគចក្រ Bell 212 ដែលផលិតដោយសហរដ្ឋអាម៉េរិក។មេទ័ពអ៊ីរ៉ង់បានបញ្ជាឱ្យកងទ័ព និងកងឆ្មាំបដិវត្តន៍ឥស្សរជនទាំងអស់ត្រូវដាក់ឱ្យឈរជើងក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
ទូរទស្សន៍ជាតិអ៊ីរ៉ង់បានបញ្ឈប់រាល់កម្មវិធីនាៗ ដើម្បីបង្ហាញពីការអធិស្ឋានសម្រាប់លោក Raisi នៅទូទាំងប្រទេស។នៅព្រឹកព្រលឹមថ្ងៃច័ន្ទនេះក្រុមជួយសង្គ្រោះជាច្រើនមានទាំងមកពីប្រទេសរុស្សីផងដែលនោះកំពុងតែបន្តប្រតិបត្តិការរុករកលោក Raisi ចំពេលដែលអាកាសធាតុកាន់តែអាក្រក់ៗទៅ៕