Cctimesw1140xh150cm copy

កញ្ញា ផាន់ ឡៃហេង បង្វឹកយុវជនពីរក្រុមបានជ័យលាភីក្នុងកម្មវិធីប្រកួតគំនិតអាជីវកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា ផាន់ ឡៃហេង បានបង្វឹកក្រុមនិស្សិតពីរក្រុម Stylend និង Buttercup ទទួលបានជ័យលាភីលេខ ២ និងលេខ ៣ នៅក្នុងកម្មវិធីប្រកួតគំនិតអាជីវកម្ម Turing Hackathon លើកទី៦ ដែលត្រូវបានរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ។

កញ្ញា ផាន់ ឡៃហេង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ន កញ្ញាជាម្ចាស់អាជីវកម្មមួយដែលមានឈ្មោះថា COUNTLESS Media & Tech ព្រមទាំងជាអ្នកគ្រប់គ្រងខាងលក់ និងទីផ្សារនៅក្រុមហ៊ុនឯកជនមួយផងដែរ។ ក្រៅពីការងារពាក់ព័ន្ធនឹងអាជីវកម្ម កញ្ញា ជាគ្រូបង្រៀនផ្នែកទីផ្សារមួយរូបនៅឆ្នាំមូលដ្ឋាននៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

កាលពីថ្មីៗនេះ កញ្ញាត្រូវបានជ្រើសរើសធ្វើជាគ្រូបង្វឹក សម្រាប់ក្រុមនិស្សិតពីរក្រុម គឺក្រុម Stylend និង Buttercup នៅក្នុងកម្មវិធីប្រកួតអាជីវកម្ម Turing Hackathon លើកទី៦ នៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ។ ជាលទ្ធផលក្រុមទាំងពីរទទួលបានជ័យលាភីនៅវគ្គផ្តាច់ព្រ័ត្រ ដោយក្រុម Buttercup បានជ័យលាភីលេខ២ និងក្រុម Stylend បានជ័យលាភីលេខ ៣ ដោយមានការបង្វឹកយ៉ាងសកម្មពីកញ្ញា ឡៃហេង។

មុនថ្ងៃប្រកួតចុងក្រោយ កញ្ញាបានចំណាយពេលមួយថ្ងៃកន្លះពេញ ដើម្បីបង្វឹកក្រុមទាំងពីរដើម្បីត្រៀមខ្លួនរួចរាល់នៅក្នុងការបកស្រាយពីគំនិតអាជីវកម្មដែលមានស្រាប់ ដោយបូកផ្សំជាមួយនឹងការផ្តល់មតិយោបល់ពីកញ្ញាផ្ទាល់ ដើម្បីធ្វើឱ្យគំនិតអាជីវកម្មកាន់តែមានភាពលេចធ្លោ ព្រមទាំងអាចឆ្លើយសំណួរគណៈកម្មការនៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ។

កញ្ញា បានរៀបរាប់បន្តទៀតថា ការធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីប្រកួតនេះ គឺមិនត្រឹមតែបង្រៀននិស្សិតទាំងពីរក្រុមពីការគិតពីគំនិតអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងអោយគំនិតទាំងនោះអាចដោះស្រាយបញ្ហាដោយប្រើប្រាស់បច្ចេកវិទ្យាផងដែរ។

គួរបញ្ជាក់ផងដែរថា មុននឹងទទួលបានការផ្តល់ឱកាសធ្វើជាគ្រូបង្វឹក កញ្ញាធ្លាប់មានបទពិសោធន៍ចូលរួមកម្មវីធីប្រកួតដោយខ្លួនឯងជាច្រើនលើកក្នុងការតំណាងប្រទេសកម្ពុជា ក្នុងកម្មវិធីដូចជា Seeds for the Future ឆ្នាំ២០២០ និងធ្លាប់ធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីផ្សេងៗជាច្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង