Cctimesw1140xh150cm copy

កិច្ចប្រជុំADFIAPនៅកម្ពុជាបិទបញ្ចប់ដោយភាពជោគជ័យជាមួយលទ្ធផល៧ចំណុច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម (ARDB) ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ឧសភា ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់គណៈប្រតិភូជាង ៤០០ នាក់ តំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (DFIs) ចំនួន ១១១ មកពីប្រទេសចំនួន ៣០ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រោមប្រធានបទ ”តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និង និរន្តរភាព”។

លទ្ធផលនៃកិច្ចប្រជុំ ដែលសម្រេចមានជាអាទិ៍៖កិច្ចសហការជាសកល៖ កិច្ចប្រជុំបានផ្តោតលើការលើកកម្ពស់កិច្ចសហការជាសកលក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍, អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដែលកំពុងប្រឈម ក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឱ្យបានអនាគតប្រកបដោយនិរន្តរភាព។ កិច្ចសហការនេះ មានគោលដៅជំរុញដល់បណ្ដាភាគីពាក់ព័ន្ធ និងរិះរកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីកសាងនូវអនាគតមួយប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

● យុទ្ធសាស្រ្តវិនិយោគប្រកបដោយនិរន្តរភាព៖ កិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំនេះ បានផ្តោតសំខាន់លើយុទ្ធសាស្រ្តវិនិយោគប្រកបដោយនិរន្តរភាព ដោយសង្កត់ធ្ងន់លើការគិតគូរអំពីបរិស្ថាន សង្គម និងអភិបាលកិច្ច (Environmental, Social, and Governance — ESG) ក្នុងការធ្វើសេចក្តីសម្រេចចិត្តវិនិយោគ។ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ ដែលលើកកម្ពស់និរន្តរភាពបរិស្ថាន និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

● ភាពធន់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ៖ កិច្ចប្រជុំនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពធន់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុ។ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ បានចែករំលែកពីឧត្តមានុវត្តក្នុងការផ្ដល់ហិរញ្ញប្បទានដល់គម្រោងលើកកម្ពស់ភាពធន់ ដូចជា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គំនិតផ្ដួចផ្ដើមថាមពលកកើតឡើងវិញ និងការធ្វើកសិកម្មប្រកបដោយភាពធន់នឹងអាកាសធាតុ ដែលនឹងជួយកាត់បន្ថយផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

● សន្តិសុខស្បៀង៖ កិច្ចប្រជុំ បានលើកឡើងអំពីបញ្ហាប្រឈមនៃសន្តិសុខស្បៀង ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ បានយល់ស្របដូចគ្នាថា បញ្ហាសន្តិសុខស្បៀងត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងការដោះស្រាយ និងជំរុញការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីកសាងអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព ។

● ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ៖ កិច្ចប្រជុំ បានពិភាក្សាអំពីឧបករណ៍ និងយន្តការហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ក្នុងការកៀរគរមូលធនសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព រួមមាន៖ សញ្ញាបណ្ណបៃតង ការវិនិយោគដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងយន្តការចែករំលែកហានិភ័យ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។

● ការដោះស្រាយកង្វះខាតនៃហិរញ្ញប្បទានបៃតង៖ ក្រុមប្រឹក្សាភិបាលនៃ ADFIAP បានលើកទឹកចិត្ត និងអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ បង្កើននូវកញ្ចប់មូលនិធិបន្ថែមដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

● ការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹង៖ កិច្ចប្រជុំ បានផ្ដោតសំខាន់លើការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹង ដែលជួយបំពាក់បំប៉នជំនាញចាំបាច់ដល់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ដើម្បីគំាទ្រដល់ការអនុវត្តគម្រោងហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ។ សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល និងវេទិកាចែករំលែកពីឧត្តមានុវត្ត នឹងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍ និងយុទ្ធសាស្រ្តអនុវត្តការផ្ដល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងថា “លទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៧ នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តរួមក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន និងការកសាងសេដ្ឋកិច្ចដែលមានភាពធន់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងទំាងអស់គ្នា មានមោទនភាពចំពោះស្មារតីនៃកិច្ចសហការ និងការផ្លាស់ប្តូរនូវបទពិសោធន៍ដោះស្រាយបញ្ហាប្រឈមប្រកបដោយនវានុវត្តន៍”៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង