ព្យុងយ៉ាង៖ លោកស្រី Kim Yo Jong ជាប្អូនរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបដិសេធការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបានដឹកជញ្ជូនសព្វាវុធទៅកាន់រុស្ស៊ីដើម្បីប្រឆាំងជាមួយនឹងអ៊ុយក្រែន។ការអះអាងនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកចោទកូរ៉េខាងជើងថាជាអ្នកផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ។
បើតាមលោកស្រី Kim Yo Jong ទីក្រុងព្យុងយ៉ាងមិនបាននាំចេញអាវុធយោធារបស់ខ្លួនទៅកាន់ប្រទេសណាមួយនោះឡើយ។ ចំពោះការចោទប្រកាន់របស់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនថា គឺជាចេតនាផ្សព្វផ្សាយព័ត៌មានមិនពិតដល់សាធារណៈ ហើយយកលេសដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរបស់លោកស្រីតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការបង្ហាញពីសព្វាវុធរបស់កូរ៉េខាងជើងនាពេលនេះ វាជាការត្រៀមរៀបចំប្រយុទ្ធការពារខ្លួនពូការលុកលុយរបស់ប្រទេសផ្សេងតែប៉ុណ្ណោះ។
កូរ៉េខាងត្បូង បានអះអាងកាលពីខែមីនាថា កូរ៉េខាងជើងបានដឹកជញ្ជូនអាវុធប្រហែល ៧,០០០ កុងតឺន័រទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយដល់អ៊ុយក្រែន។ កូរ៉េខាងជើងកាលពីសប្តាហ៍មុន បានរៀបចំប្រព័ន្ធយោធារបស់ខ្លួនជាមួយនឹងគ្រាប់រ៉ុក្កែតច្រើនប្រភេទ ២៤០មីលីម៉ែត្រ នៅឆ្នាំនេះ ដែលជាការបង្អួតសាច់ដុំទៅកាន់ប្រទេសមហាអំណាច៕