ចិន៖ ប្រធានាធិបតីចិន លោក ស៊ីជីនភីង បានជួបពិភាក្សាគ្នាយ៉ាងពិសេសមួយជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឯសួន Zhongnanhai ក្នុងទីក្រុងប៉េកាំង ភាគីទាំងពីរបានជជែកនឹងបានប្តេជ្ញាចិត្តរួមគ្នាដោះស្រាយបញ្ហាពិភពលោកដែលកំពុងតែកើតមានឡើង។ ជំនួបដ៏ពិសេសជាមួយទេសភាពដ៏ស្រស់ស្អាតក្នុងសួន Zhongnanhai នេះធ្វើឡើងក្នុងអំឡុងទស្សនកិច្ចប្រមុខមេដឹកនាំរុស្សីលោកពូទីនមានរយៈពេល២ថ្ងៃទៅកាន់ប្រទេសចិន។
លោក ស៊ី បានកត់សម្គាល់ថា ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមើលមិនឃើញក្នុងរយៈពេលមួយសតវត្ស ហើយឈានចូលដល់សម័យកាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរមិនធ្លាប់មានពីមុនមក។ លោកបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រជាជនចិនបានជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ហើយកំពុងខិតខំជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងទំនើបកម្មរបស់ចិន។
សម្រាប់លោកស៊ី ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី និងប្រទេសដទៃទៀតដើម្បីបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដឹកនាំអភិបាលកិច្ចពិភពលោកក្នុងទិសដៅត្រឹមត្រូវ រួមគ្នាការពារយុត្តិធម៌អន្តរជាតិ និងលើកកម្ពស់សន្តិភាពពិភពលោក និងការអភិវឌ្ឍន៍រួម។
ពាក់ព័ន្ធទៅនឹងសង្រ្គាមរុស្សី-អ៊ុយក្រែនលោកស៊ី បានរៀបរាប់យ៉ាងលម្អិតអំពីគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងជាប់លាប់របស់ចិនក្នុងការលើកកម្ពស់ការដោះស្រាយនយោបាយនៃបញ្ហាអ៊ុយក្រែន ដោយលោកសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាធំណាមួយ ចាំបាច់ត្រូវដោះស្រាយទាំងរោគសញ្ញា និងមូលហេតុដើម ហើយរៀបចំផែនការសម្រាប់បច្ចុប្បន្ន ក៏ដូចជាសម្រាប់ រយៈពេលវែង។
ចំណែកលោកពូទីនបានប្រាប់លោកស៊ីថា រុស្ស៊ីមានឆន្ទៈធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងបណ្តាប្រទេសខាងត្បូងសកលលោក ដើម្បីលើកកម្ពស់យុត្តិធម៌ អន្តរជាតិ និងដើម្បីធ្វើការឆ្ពោះទៅកាន់ពិភពលោកដែលស្មើភាព និងទប់ស្កាត់បញ្ហាផ្សេងៗដែលកំពុងតែកើតមាន។
ពូទីន បានណែនាំពីទស្សនៈ និងជំហរពាក់ព័ន្ធរបស់រុស្ស៊ី ដោយនិយាយថា រុស្ស៊ីកោតសរសើរចំពោះគោលជំហរ យុត្តិធម៍ និងតុល្យភាពរបស់ចិនលើបញ្ហាអ៊ុយក្រែន ហើយស្វាគមន៍ចិនក្នុងការបន្តដើរតួនាទីសំខាន់ និងស្ថាបនាក្នុងការដោះស្រាយនយោបាយនៃបញ្ហានេះ។ លោកបន្តថា រុស្ស៊ីប្តេជ្ញាដោះស្រាយបញ្ហាអ៊ុយក្រែនតាមរយៈការចរចានយោបាយ ហើយមានឆន្ទៈបង្ហាញភាពស្មោះត្រង់ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនក្នុងរឿងនេះ។
ពូទីន បានថ្លែងអំណរគុណចំពោះលោក ស៊ី សម្រាប់ការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់លោក ដោយ លោកមានឆន្ទៈរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយលោក ស៊ី អនុវត្តការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រទេសទាំងពីរ និងធានាឱ្យមានការអភិវឌ្ឍន៍ពេញលេញនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-ចិន នៃការសម្របសម្រួលសម្រាប់យុគសម័យថ្មី៕