ថៃ៖ នាយកដ្ឋានគយថៃប្រកាសធ្វើការផាកពិន័យដល់អ្នកនាំចូលបារីអេឡិចត្រូនិក និងបង្កើនតម្លៃពន្ធទំនិញទ្វេដង សម្រាប់ទីផ្សារបារីអេឡិចត្រូនិក ដើម្បីទប់ស្កាត់ការទិញយកទៅប្រើប្រាស់របស់សិស្សានុសិស្សក្នុងប្រទេសថៃ ។ ការប្រកាសតម្លើងពន្ធបារីអេឡិចត្រូនិកនេះធ្វើឡើងដើម្បីជាការឆ្លើយតបចំពោះកំណើតរបស់សិស្សានុសិស្សថៃដែលកំពុងតែប្រើប្រាស់បារីប្រភេទនេះជាច្រើននាក់។
អគ្គនាយករងនៃនាយកដ្ឋានគយលោក Panthong Loykulnan បានឲ្យដឹងថា អ្នកនាំចូលបារីអេឡិចត្រូនិកឥឡូវនេះតម្រូវឱ្យបង់ប្រាក់ពិន័យស្មើនឹងតម្លៃទ្វេដង ហើយទំនិញដែលរឹបអូសបានទាំងអស់នឹងត្រូវចាត់ទុកដូចគ្នានឹងទំនិញដែលមានកម្រិតការនាំចូលដូចជាទំនិញមួយចំនួនដែលមានការប៉ះពាល់ដល់សុខភាពខ្លាំង។
សម្រាប់លោក Panthong វិធានការនេះធ្វើឡើងដោយសារតែមានការរីករាលដាលយ៉ាងឆាប់រហ័សនៃបារីអេឡិចត្រូនិចក្នុងចំណោមក្មេងជំទង់ និងសិស្សកំពុងតែមានការប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់តាមសាលារៀនមួយចំនួនដោយក្នុងនោះមានករណីចំនួនពីរទាក់ទងនឹងបារីអេឡិចត្រូនិកត្រូវបានរាយការណ៍នៅខេត្តស៊ីសាកេត និងខេត្តរ៉ាយ៉ង។
នៅក្រុងស៊ីសាកេត លោក Kom Sangwong អភិបាលស្រុក ស៊ីសាកេត បាននាំមន្ត្រីទៅឆ្មក់ចូលហាងមួយក្នុងក្រុងដែលមានឈ្មោះថា Monkey Tattoo បន្ទាប់ពីទទួលបានរបាយការណ៍លក់បារីអេឡិចត្រូនិចខុសច្បាប់។ អាជ្ញាធរអាចរឹបអូសបាន សម្ភារៈបារីអេឡិចត្រូនិចចំនួន ៤.៣០០ បារីអេឡិកត្រូនិក ព្រមទាំងលុយសុទ្ធ ៨.៥៩៥ បាត៕