
បាត់ដំបង៖ព្រះសង្ឃចំនួន៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចេញរោគសញ្ញាដូច កូវីដ-១៩ដោយមានកម្តៅ៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃ។
តាមរយៈហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា មានករណីក្តៅខ្លួន ៣៧,៥អង្សាសេ ក្អក ហៀរសំបោរ រយៈពេល៦ថ្ងៃហើយ កើតមានចំពោះព្រះសង្ឃចំនួន៤៦អង្គ មានព្រះជន្មពី១១ទៅ១៩ព្រះវស្សា គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សា ក្នុងវត្តនេះ ហើយទទួលការព្យាបាលបានធូរស្រាលខ្លះៗហើយ ។
បន្ទាប់ពីទទួលបានព័ត៌មាន និង ការណែនាំរបស់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នៅវេលាម៉ោងជាង១៩យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារ RRT មន្ទីរសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរ លោកប្រធានស្រុកប្រតិបត្តិសង្កែ និង សហការី បានចុះពិនិត្យ និងយកសំណាកចំនួន២១អង្គ ចំពោះព្រះសង្ឃដែលនៅមានកម្តៅ ហើយថ្ងៃស្អែក ក្រុមការងារនឹងបន្តចុះកសំណាកទៀត ។
ជាមួយគ្នានោះក្រុមការងារបានណែនាំ លោកអាចារ្យ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ ឱ្យចេះអនុវត្តនូវវិធានអនាម័យការពារខ្លួន ពាក់ម៉ាស់ ឆាន់ទឹកក្តៅ ។ ការកំណត់ស្ថានភាពរួមជាបឋម គឺ មិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែយើងត្រូវបន្តតាមដានដោយយកចិត្តទុកដាក់ជាបន្តទៀត ហើយបេសកកម្មត្រូវបានបញ្ចប់នៅម៉ោង២៣ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ៕



