ភ្នំពេញ៖ ក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងរៀបចំព្រឹត្តិការណ៍ ជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌ សហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ នឹងរៀបចំកម្មវិធីជិះកង់អង្គរ លើកទី២ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផទី៣)។ កម្មវិធីជិះកង់អង្គរនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ មិថុនា ម៉ោង ៦:០០នាទីព្រឹក និងទីតាំងជួបជុំ នៅកន្លែងត្រួតពិនិត្យសំបុត្រទី១ របស់អាជ្ញាធរជាតិអប្សរា។ កម្មវិធីជិះកង់អង្គរ នឹងនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧)។
សូមជម្រាបជូនថា កម្មវិធី «ជិះកង់អង្គរ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)» កាលពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ ក៏បានសហការជាមួយក្រុមកីឡាសេនាយុត្តិធម៌ដែរ និងប្រមូលថវិកាបានចំនួន ៥៥៥,០០០,០០០រៀល ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា៣)៕