ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារគ្រោះមហន្តរាយក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៣ ខែឧសភា បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ និងលំហូរកម្អែភ្នំភ្លើងនៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ីកាលពីចុងសប្តាហ៍កន្លងទៅនេះ បានធ្វើឲ្យមនុស្សចំនួន ៤១នាក់បានស្លាប់ និង ១៧នាក់ទៀតបាត់ខ្លួន។
លោក Ilham Wahab មន្ត្រីទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងបានបណ្តាលឱ្យផ្ទាំងថ្មភ្នំភ្លើងដ៏ធំ បានរអិលធ្លាក់ចូលទៅក្នុងភ្នំភ្លើងមួយរបស់ប្រទេសឥណ្ឌូនេស៊ី និងបានធ្វើឲ្យកម្អែលភ្នំភ្លើងហូរចូលទៅក្នុងស្រុកចំនួនពីរ នៅលើកោះស៊ូម៉ាត្រាកាលពីល្ងាចថ្ងៃសៅរ៍ ដោយបណ្តាលឲ្យមានទឹកជំនន់ជន់លិចផ្លូវថ្នល់ ផ្ទះសម្បែង និងវិហារអ៊ីស្លាមអស់ជាច្រើនទីតាំង។
បើតាមទិន្នន័យរបស់មន្ត្រីនៅក្នុងតំបន់ បានបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទនេះ ជនរងគ្រោះចំនួន ៤១នាក់ត្រូវស្លាប់ និង ១៧នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងតំបន់ Tanah Datar ដែលជាតំបន់រងគ្រោះខ្លាំងបំផុតដោយសារទឹកជំនន់ និងផ្ទះប្រជាពលរដ្ឋរាប់សែនខ្នងរងផលប៉ះពាល់ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកផងដែរ។ ហេតុការណ៍ដ៏អាក្រក់នេះ ក៏បានបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន ៨៤ ខ្នង ស្ពាន ១៦កន្លែង វិហារអ៊ីស្លាមចំនួន ២ និងដីស្រែចំនួន ២០ ហិកតា ត្រូវបានខូចខាត នៅក្នុងទីក្រុង Tanah Datar៕