ឥណ្ឌូនេស៊ី៖ រថយន្តក្រុងដឹកសិស្សមួយគ្រឿងក្នុងប្រទេសឥណ្ឌូនេស៊ីបានបុករថយន្ត និងម៉ូតូជាច្រើនគ្រឿង បន្ទាប់ពីហ្វ្រាំងរបស់រថយន្តមិនដំណើរការហេតុការណ៍នេះបានកើតឡើងក្នុងខេត្តភាគខាងលិចកោះចាវ៉ា របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ ភាគច្រើនជាសិស្ស និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
អ្នកនាំពាក្យប៉ូលិសកោះចាវ៉ា លោក Jules Abraham Abast បានឲ្យដឹងថារថយន្តក្រុងដឹកសិស្ស និងគ្រូចំនួន ៦១នាក់ កំពុងត្រឡប់ទៅវិទ្យាល័យមួយក្នុងទីក្រុង Depok កាលពីល្ងាចថ្ងៃសៅរ៍ ពីតំបន់រមណីយដ្ឋានភ្នំ Bandung បន្ទាប់ពីការប្រារព្ធពិធីបញ្ចប់ការសិក្សា។លោកបានបន្តថា រថយន្តបើកក្នុងល្បឿនលឿនលើផ្លូវចុះចំណោត ហើយឆ្លងផ្លូវទៅបុករថយន្ត និងម៉ូតូជាច្រើនគ្រឿង មុនពេលទៅបុកបង្គោលភ្លើង ហេតុការណ៍នេះគឺបណ្តាលមកពីរថយន្តបានដាច់ហ្វាំ្រង។
គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះបានបណ្តាលឲ្យមនុស្ស ៩ នាក់បានស្លាប់នៅកន្លែងកើតហេតុ និង ២ នាក់ទៀតបានស្លាប់នៅបញ្ជូនទៅមន្ទីរពេទ្យ រួមទាំងគ្រូបង្រៀនម្នាក់ និងអ្នកបើកបររថយន្តក្នុងតំបន់ផងដែរហើយមានមនុស្សចំនួន ៥៣ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសក្នុងនោះមានអ្នកខ្លះមានស្ថានភាពធ្ងន់ធ្ងរ។
កាលពីឆ្នាំមុន រថយន្តក្រុងទេសចរណ៍មួយដែលមានអ្នកបើកបរងងុយដេកបានជ្រុលទៅបុកផ្ទាំងប៉ាណូមួយនៅលើផ្លូវហាយវេក្នុងខេត្តចាវ៉ាដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤ នាក់ និង ១៩ នាក់ផ្សេងទៀតរងរបួស។ ក្នុងឆ្នាំ ២០២១ រថយន្តក្រុងទេសចរណ៍មួយបានធ្លាក់ចូលទៅក្នុងជ្រោះមួយនៅរមណីយដ្ឋានភ្នំជ្វាខាងលិចនៃទីក្រុង Puncak បន្ទាប់ពីហ្វ្រាំងមិនដំណើរការ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ និង ៣៩ នាក់ផ្សេងទៀតរងរបួស៕